សហគមន៍ខ្មែរឥស្លាមអ្នកស្រុកស្ទឹងត្រង់ប្តេជ្ញានឹងបន្តដណ្តើមជ័យលាភីជូនCPP សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះ


កំពង់ចាម: សហគមន៍ខ្មែរឥស្លាមអ្នក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងឃុំព្រែកបាក់ និង ឃុំព្រែកកក់ រួមមានសកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ទង់ពាន់នាក់បានជួបជុំគ្នាធ្វើការប្តេជ្ញាថាត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃ ២៩ កក្កដា ២០១៨នេះ គឺទៅបោះឆ្នោតដើម្បីបន្តដណ្តើមជ័យលាភីជូនគណបក្សប្រជាជនកម្ពុជា និងដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយសហការី និងបេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ និង ភូមិទួលពោធិ ឃុំព្រែកកក់ នារសៀលថ្ងៃទី ១២ កក្កដា ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការប្តេជ្ញាគាំទ្រនេះ នៅដិតជាប់នឹងដួងចិត្ត និង កាយវិការនៃការចូលរួមរបស់បងប្អូនដោយឆន្ទៈមុះមត់ ដើម្បីសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ តទៅមុខជាបន្តបន្ទាប់។