ភ្នំពេញ៖ក្រោយពេលដែលមន្រ្តី នាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសពីគោល នយោបាយថ្មីរបស់ បក្សខ្លួនថានៅពេល គណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតនៅអាណត្តិក្រោយ និងផ្តល់ប្រាក់៥០ម៉ឺនដុល្លារ ដល់ឃុំ-សង្កាត់ ដើម្បីប្រើប្រាស់អភិវឌ្ឍមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយចែកចេញជាដំណាក់កាល១ឆ្នាំម្តងនោះ ត្រូវបានមន្រ្តីនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខឥសានចំអក ឲ្យបក្សប្រឆាំងថា កំពុងដេកស្រម៉ៃទាំងកា ពិតមិនអាចទៅរួចថា បក្សប្រឆាំងនឹងជាប់ឆ្នោត នៅអាណត្តិក្រោយពិសេស គោលនយោបាយបោកប្រាស់ ដែលបក្សប្រឆាំងកំពុងនិយាយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ ថា ការលើកឡើងពីគោលនយោបាយ របស់បក្សប្រឆាំងនៅគ្រានេះ គឺគ្រាន់តែដើម្បីបោកប្រាស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះព្រោះ ការនិយាយនិងការសរសេរលើក្រដាសគឺវាងាយស្រួលមិនដូចការធ្វើជាក់ស្តែងនោះឡើយដូច្នោះការនិយាយនេះ គ្រាន់តែនិយាយឃោសនាបោកប្រាស់ ប្រជាពលរដ្ឋប៉ុណ្ណោះហើយគ្មានអ្នកណាគិតគូពី ប្រជាពលរដ្ឋច្រើនជាងរាជរដ្ឋាភិបាល នោះឡើយ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ”គោលនយោបាយរបស់បក្សប្រឆាំង ផ្តល់លុយ៥០ម៉ឺនដុល្លារដល់ឃុំ-សង្កាត់ នៅពេលខ្លួនជាប់ឆ្នោតនោះ គឺធាតុពិតជាក់ស្តែងមិនអាចទៅរួចឡើយ និយាយគ្រាន់តែបោកប្រាស់ ប្រជាពលរដ្ឋប៉ុណ្ណោះ ព្រោះការពិតមិនអាចទៅរួចថា នឹងបានជាប់ឆ្នោត ខណៈដែលពេលនេះ បក្សខ្លួនមិនដឹងជាប្រធាន និងអនុប្រធាននៅទីណាឥឡូវនេះ បើប្រធានមិនអាចមកចុះឈ្មោះ បោះឆ្នោតបានផង ហើយលោក សម រង្ស៊ីនៅពេលនេះមិនមែន ដូចប្រជាជនធម្មតាទៀតទេ គឺគាត់ជាអនុជនដោយគាត់បាន បាត់បង់សិទ្ធិធ្វើនយោបាយទាំងស្រុង មិនអាចត្រឡប់មកចុះឈ្មោះ បោះឆ្នោតឬឈឈ្មោះឲ្យគេបោះឆ្នោតឲ្យបានទៀតឡើយ ដូច្នោះកុំនិយាយដល់ ការឈ្នះឆ្នោត” ។