ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋជិត៣ពាន់នាក់ ទូទាំងឃុំមេទឹក ស្រុកបាកាន នៅបរិវេណវត្តទួលលៀប ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ គណៈអភិបាលខេត្ត តំណាងមន្ទីរអង្គភាបនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អវុធទាំង៣។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីសមិទ្ធផលធំៗ ដែលប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ទទួលបានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមឲ្យលោកមេឃុំ មេភូមិ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ខិតខំបម្រើសេវាសាធារណៈ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ភាពអសកម្មនានា សម្តៅធ្វើយ៉ាង ណាផ្តល់នូវភាពកក់ក្តៅ ជូនប្រជាជននៅមូលដ្ឋាន ឲ្យកាន់តែប្រ សើរឡើង។
នៅក្នុងឱកាសនោះ ឯកឧត្តមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយោគយល់នូវរាល់ចំណុចខ្វះខាតមួយចំនួន របស់មន្ត្រីមូលដ្ឋាន ហើយត្រូវគិតផលប្រយោជន៍ជាតិជាធំ ហេតុនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលឆាប់ៗខាងមុខ សូម បងប្អូនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឲ្យបានគ្រប់ៗគ្នា៕