សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសចំពោះ សកម្មភាពឧក្រិដ្ឋកម្ម បំផ្ទុះគ្រាប់បែកនៅផ្សារ រាត្រីមួយកន្លែង ក្នុងទីក្រុងដារ៉ាវ


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវក្ដីរន្ធត់ក្រៀមក្រំយ៉ាង ខ្លាំង និងថ្កោលទោសចំពោះ សកម្មភាពឧក្រិដ្ឋកម្ម បំផ្ទុះគ្រាប់បែក នៅផ្សាររាត្រីមួយកន្លែង ក្នុងទីក្រុងដារ៉ាវ ប្រទេសហ្វីលីពីន កាលពីវេលាយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដោយបានសម្លាប់ ប្រជាជនយ៉ាងហោចណាស់ ១៤នាក់ និងជាង៦០នាក់ ផ្សេងទៀតរងរបួស ។
យោងតាមការរំលែកទុក្ខរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ផ្ញើជូនលោកប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន រ៉ូឌ្រីហ្គោ ឌួតឺតេ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នេះឲ្យដឹងថា “ជាមួយនឹងការចូលរួមថ្កោលទោស យ៉ាងខ្លាំងចំពោះសកម្មភាពឧក្រិដ្ឋកម្មដ៏យង់ ឃ្នងនេះ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះ ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋហ្វីលីពីន ក៏ដូចជាក្រុមគ្រួសាររបស់ជនរងគ្រោះ ចំពោះការបាត់បង់ក្នុងហេតុការណ៍ បំផ្ទុះដ៏រន្ធត់នេះ” ។