ឯកឧត្តម ហ៊ុន ម៉ាណែត៖ «ព័ត៌មានថា ខ្ញុំចាញ់ក្តីក្នុងបណ្តឹងរបស់ លោក មាជ សុវណ្ណារ៉ា គឺជាការបំផ្លើសការពិត»


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ព័ត៌មានដែលបានចោទរូបលោកថា ត្រូវបានតុលាការកាលីហ្វញ៉ា កាត់ក្តីឲ្យរូបលោក ចាញ់ក្តីលោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គឺជាការបំផ្លើសព័ត៌មាន ខុសពីការពិត ខណៈដែលតុលាការមិនទាន់ យកបណ្តឹងនេះ មកដំណើរការនៅឡើយ។
លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានប្ដឹងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ទៅតុលាការសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទ «ធ្វើទារុណកម្ម តាមរយៈការឃុំខ្លួនដោយរំលោភបំពាន ក្រៅច្បាប់និងមានរយៈពេលយូរ»។ មានព័ត៌មានជាច្រើន បានផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតុលាការរដ្ឋកាលីហ្វញ៉ាកាត់ក្តីឲ្យចាញ់រឿងក្តីនេះ កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ។
តែឯកឧត្តម ហ៊ុន ម៉ាណែត បានហៅការផ្សព្វផ្សាយទាំងអស់នោះ គឺជាការបំផ្លើសពីការពិតទាំងស្រុង។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់លើទំព័រ Facebook របស់លោកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះថា «ការធ្វើសេចក្តីប្រកាសព័ត៌មានរបស់មេធាវី Morton Sklar និងបុគ្គលមួយចំនួនថា តុលាការរដ្ឋកាលីហ្វញ៉ា បានកាត់ក្តីឱ្យខ្ញុំចាញ់កាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាការបំផ្លើសការពិត ពីព្រោះថាតុលាការពុំទាន់ សម្រេចទទួលយកបណ្តឹងនេះ មកដំណើរការបន្តនៅឡើយទេ។ រឿងក្តីនេះ គឺស្ថិតត្រឹមដំណាក់កាល នៃការទាមទារព័ត៌មានបន្ថែម ដើម្បីកំណត់សមត្ថកិច្ចតុលាការ ក្នុងការជំនុំជម្រះក្តីតែប៉ុណ្ណោះ»
មេធាវីការពារក្តីឲ្យឯកឧត្តម ហ៊ុន ម៉ាណែត គឺលោក John Purcell និងអ្នកជំនាញច្បាប់អាមេរិក លោក Christopher Beres បកស្រាយផងដែរថា លោក Sklar ដែលជាមេធាវីរបស់ លោក មាជ សុវណ្ណរ៉ា បានអះអាងបំផ្លើសការពិត និងបំភ័ន្តសាធារណ មតិពាក់ព័ន្ធនឹងសេចក្តីសម្រេច របស់តុលាការ និងដំណើរការនីតិវិធីនៅតុលាការ។
លោក Beres បានបន្ថែមទៀតថា លោក មាជ សុវណ្ណារ៉ា ជាដើមបណ្តឹងមិនទាន់ឈ្នះក្តីនៅឡើយទេ។ ឯកឧត្តម បញ្ជាក់ថា «ដើមបណ្តឹងបានអះអាងទៅតុលាការអាមេរិកថា ដើមបណ្តឹងមិនមានអង្គហេតុណា ដើម្បីបញ្ជាក់ថា តុលាការមានសមត្ថកិច្ចឡើយ។ ដូចេ្នះសួរថា តើមេធាវីរបស់ដើមបណ្តឹងនេះ អាចដាក់ពាក្យបណ្តឹងដោយឆន្ទៈសុច្ចរិត ដោយរបៀបណា ប្រសិនគ្មានអង្គហេតុណាមួយ ដែលបញ្ជាក់ថាតុលាការ មានសមត្ថកិច្ចផងនោះ។ មកដល់ពេលនេះ ដើមបណ្តឹងមិនបានបង្ហាញ អង្គហេតុណាមួយទៅតុលាការ សហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឱ្យ លោក ហ៊ុន ម៉ាណែត ត្រូវចូលខ្លួនទៅតុលាការ ដើម្បីឆ្លើយតបទៅនឹងបណ្តឹង ដែលបានដាក់នោះ»
ដើម្បីឲ្យកាន់តែជ្រាបច្បាស់ ថែមទៀតនោះ សូមលើកយកនូវបទសម្ភាសន៍ រវាងព័ត៌មាន Khmer Time ជាមួយលោក John Purcell មេធាវីការពារក្តី លោក ហ៊ុន ម៉ាណែត និងអ្នកជំនាញច្បាប់អាមេរិក លោក Christopher Beres ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
លោក Christopher Beres ជាមេធាវីអាមេរិក ដែលមានបទពិសោធន៍ ការពារក្តីនៅអាមេរិក និងជាអតីតរដ្ឋអាជ្ញា ដែលកំពុងបំពេញការងារ នៅរាជធានីភ្នំពេញ បានប្រាប់ខ្មែរថាមស៍ ឲ្យដឹងថាពាក្យបណ្តឹង ដែលបានដាក់នៅតុលាការ សហព័ន្ធនៃរដ្ឋកាលីហ្វញ៉ា (California) ក្នុងទីក្រុង Los Angeles ដោយ លោក Morton Sklar ជាមេធាវីរបស់លោក  សុវណ្ណារ៉ា គឺមិន មានមូលដ្ឋានគួរឲ្យជឿជាក់។
លោក Beres និង លោក Jonh Purcell ជាមេធាវីអាមេរិករបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានដាក់ពាក្យសុំច្រានចោល ពាក្យបណ្តឹងនោះ ទៅតុលាការរួចរាល់ហើយ។ លោកបានថ្លែងឲ្យដឹងថា មានកង្វះមូលដ្ឋានច្បាប់ដ៏ធ្ងន់ធ្ងរមួយ នៅក្នុងសំណុំរឿងប្រឆាំងនឹង  លោក ហ៊ុន ម៉ាណែត ដែលជាឧត្តមសនីយ៍ នៃកងកម្លាំងប្រដាប់អាវុធនេះ។
បញ្ហាស្ថិតនៅត្រង់ថា តើតុលាការសហរដ្ឋមេរិក មានសមត្ថកិច្ចជំនុំជម្រះក្តីលើពលរដ្ឋកម្ពុជា ឬជនបរទេស ដែរឬទេ។ លោកបានបន្ថែមទៀតថា បណ្តឹងនោះគឺមិនមានអង្គហេតុគ្រប់គ្រាន់ គាំទ្រដល់ការចោទប្រកាន់នោះឡើយ។
លោកបានថ្លែងថា៖ «លោក Sklar ដែលជាមេធាវីរបស់ដើមបណ្តឹង បានអះអាងបំផ្លើសការពិត និងបំភ័ន្តសាធារណមតិពាក់ព័ន្ធ នឹងសេចក្តីសម្រេចរបស់តុលាការ និងដំណើរការនីតិវិធីនៅតុលាការ។ ក្នុងនាមជាមន្ត្រីនៃតុលាការលោកគួរតែដឹងឲ្យបានច្រើនជាងនេះ។ សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ លោកបានធ្វើឲ្យលោកបាត់បង់ ទំនុកចិត្តពីសាធារណជននិងធ្វើឲ្យប៉ះពាល់ ជាអវិជ្ជមានដល់កិច្ចការរដ្ឋបាល របស់តុលាការ»
លោកថា ដើមបណ្តឹងមិនទាន់ឈ្នះក្តីនៅឡើយទេ។ ដើមបណ្តឹងបានអះអាង ទៅតុលាការអាមេរិក ថា ដើមបណ្តឹងមិនមានអង្គហេតុណាដើម្បីបញ្ជាក់ថា  តុលាការមានសមត្ថកិច្ចឡើយ។ ដូចេ្នះសួរថា  តើមេធាវីរបស់ដើមបណ្តឹងនេះ អាចដាក់ពាក្យបណ្តឹង ដោយឆន្ទៈសុច្ចរិតដោយរបៀបណា ប្រសិនបើគ្មានអង្គហេតុណាមួយ ដែលបញ្ជាក់ថា តុលាការមានសមត្ថកិច្ចផងនោះ។
លោក Beres បានបន្ថែមថា៖ «មកដល់ពេលនេះ ដើមបណ្តឹងមិនបានបង្ហាញ  អង្គហេតុណាមួយទៅតុលាការ សហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឲ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវតែចូលទៅតុលាការដើម្បីឆ្លើយតប ទៅនឹងបណ្តឹងដែលបានដាក់នោះ»
លោក Beres បានលើកឡើងថា ការតម្រូវឲ្យជនបរទេសបង្ហាញខ្លួន នៅតុលាការសហរដ្ឋអាមេរិក មិនមែនជារឿងងាយស្រួលនោះទេ ហើយនៅក្នុងករណី សំណុំរឿងរដ្ឋប្បវេណី ដូចជាករណីបណ្តឹង ប្រឆាំងលោក ហ៊ុន ម៉ាណែត តុលាការត្រូវតែពិចារណាលើកត្តាផ្សេងៗជាច្រើន។
លោកបានបន្តទៀតថា៖ «វាជារឿងក្ដីរដ្ឋប្បវេណី ហើយមិនមែនជាករណីព្រហ្មទណ្ឌនោះទេ។ ក្នុងករណីរដ្ឋប្បវេណី ដំណើរការនីតិវិធីចាប់ផ្តើម តាមរយៈការដាក់ពាក្យបណ្តឹងទៅតុលាការអាមេរិក។ នៅក្នុងប្រព័ន្ធច្បាប់អាមេរិក ការដាក់ពាក្យបណ្តឹង មានភាពងាយស្រួលណាស់ ទាំងនៅក្នុងកម្រិតប្រព័ន្ធតុលាការសហព័ន្ធរបស់អាមេរិក ឬតុលាការតាមរដ្ឋនីមួយៗ មានន័យថា ភាគីអាចធ្វើការប្តឹងដោយធ្វើការ ចោទប្រកាន់តែម្តង  ហើយមិនតម្រូវឲ្យមានមូលដ្ឋាន ជាក់លាក់ដើម្បគាំទ្រដល់អង្គហេតុ នៃការចោទប្រកាន់នោះទេ ទោះបីការចោទប្រកាន់នោះ មិនទាន់មានភ័ស្តុតាងសំអាងនៅឡើយ ក៏ដោយ»
«ដូច្នេះអ្វីដែលត្រូវការ គឺជាការចោទប្រកាន់សុទ្ធសាធ។ ហើយក្រឡាបញ្ជីនឹងទទួលយក ពាក្យបណ្តឹងដើម្បីយកមកដំណើរការបន្ត។ ប៉ុន្តែមូលដ្ឋានជាក់លាក់ ដើម្បីគាំទ្រដល់អង្គហេតុនៃ ការចោទប្រកាន់ ក្នុងពាក្យបណ្តឹងណាមួយ នឹងតម្រូវឲ្យដាក់នៅក្នុងនីតិវិធីបន្តបន្ទាប់ទៀត។ សំណុំរឿងនេះមិនទាន់ដំណើរការ ដល់នីតិវិធី ដែលតម្រូវឲ្យដាក់ភ័ស្តុតាងនៅឡើយទេ។ លោក Beres ដែលជាអ្នកជំនាញច្បាប់ សហរដ្ឋអាមេរិកយូរឆ្នាំ បានច្រានចោលព័ត៌មាន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួន ខណៈដែលពួកគេមិនទាន់យល់ដឹង បញ្ហាច្បាស់ លាស់ ហើយលោកបាននិយាយថា ប្រជាជននៅ ក្នុងប្រទេសកម្ពុជា គួរស្វែងយល់អំពីការ ពិតក្នុងសំណុំរឿងនេះ។
លោកបានឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យសាធារណជន យល់ច្បាស់ថាតើរឿងក្តីមួយ នៅសហរដ្ឋអាមេរិក មានដំណើរការបែបណា។ នៅពេលដែលពាក្យបណ្តឹង ត្រូវបានដាក់ទៅក្រឡាបញ្ជី ពាក្យបណ្តឹងនោះនឹងត្រូវ បញ្ជូនទៅចៅក្រម។ នៅក្នុងដំណាក់កាលនេះ ចៅក្រមពុំទាន់ពិនិត្យលើមូលដ្ឋាន ជាក់លាក់ដែលគាំទ្រដល់ អង្គហេតុនៃការចោទប្រកាន់ ក្នុងពាក្យបណ្តឹងនៅឡើយ។
«ជាគោលការណ៍ តុលាការនឹងអនុញ្ញាតឲ្យនីតិវិធីបន្តទៅមុខ។ ចំពោះករណីនេះវិញ ចុងចម្លើយជាឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលមានសញ្ជាតិខ្មែរ។ ដូច្នេះ ប្រសិនបើមានបណ្តឹងពាក់ព័ន្ធនឹង ជនបរទេសណាមួយ សំណួរទីមួយដែលតុលាការត្រូវពិចារណា  គឺបញ្ហាសមត្ថកិច្ចរបស់តុលាការក្នុងការជំនុំជម្រះក្តី។
«តើតុលាការមានសមត្ថកិច្ចក្នុងការជំនុំជម្រះក្តី ដែលតម្រូវឲ្យជនបរទេសត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការអាមេរិក ដែរ ឬទេ? តើតុលាការអាចតម្រូវឲ្យជនបរទេសឲ្យបង្ហាញខ្លួន នៅតុលាការសហព័ន្ធបានដែរ ឬទេ? ដើម្បីឲ្យតុលាការសហរដ្ឋអាមេរិក សម្រេចថាខ្លួនមានសមត្ថកិច្ចក្នុងការជំនុំជម្រះក្តី ឬអាចតម្រូវឲ្យជនបរទេសត្រូវបង្ហាញខ្លួន ដើមបណ្តឹងត្រូវដាក់ភ័ស្តុតាង ជាក់លាក់ទៅតុលាការ»
«ឧទាហរណ៍ ដើមបណ្តឹងអាចលើកឡើងថា ពលរដ្ឋបរទេសនោះមានផ្ទះ ឬទ្រព្យសម្បតិ្តក្នុងដែនសមត្ថកិច្ច របស់តុលាការនៅក្នុងសហរដ្ឋអាមេរិក ឬគាត់មានអាជីវកម្ម មួយក្នុងដែនសមត្ថកិច្ច របស់តុលាការនៅក្នុង សហរដ្ឋអាមេរិក។ ដើមបណ្តឹងត្រូវបង្ហាញភ័ស្តុតាងទាំងនេះ ទៅតុលាការដើម្បីឲ្យតុលាការសម្រេចថា មានសមត្ថកិច្ចក្នុងការជំនុំជម្រះ ក្តីនេះបាន។ លោកបានឆ្លើយតបតាម រយៈការដាក់ពាក្យសុំច្រានចោល ពាក្យបណ្តឹង ដោយឈរលើមូលដ្ឋានថា តុលាការមិនមានសមត្ថកិច្ចជំនុំជម្រះលើបណ្តឹង ដែលអាចតម្រូវឲ្យគាត់ចូលបង្ហាញខ្លួន នៅតុលាការសហព័ន្ ធសហរដ្ឋអាមេរិកឡើយ ហើយជំហររបស់គាត់គឺថា គាត់មិនមានចំណងទាក់ទង ឬមិនមានអ្នកទំនាក់ទំនង ក្នុងដែនសមត្ថកិច្ចរបស់តុលាការ ក្នុងរដ្ឋកាលីហ្វញ៉ានោះទេ។ លោកមិនមានទ្រព្យសម្បតិ្តនៅទីនោះ លោកមិនមានផ្ទះនៅទីនោះ ហើយលោកក៏មិនមានគណនីធនាគារនៅទីនោះដែរ។ លោកមិនមានអ្វីទាំងអស់នៅទីនោះ»
យោងតាមលោក Beres មិនមែនត្រឹមតែលោក ហ៊ុន ម៉ាណែត មិនមានទំនាក់ទំនងដែល អាចតម្រូវឲ្យចូលបង្ហាញខ្លួន ក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វញ៉ាប៉ុណ្ណោះទេ យោងតាមច្បាប់អាមេរិក លោក ហ៊ុន ម៉ាណែត គួរតែទទួលបានឯកសារពាក់ព័ន្ធនឹង បណ្តឹងដែលនៅក្នុងច្បាប់អាមេរិក ហៅថានីតិវិធីជូនដំណឹង នៃពាក្យបណ្តឹង (service of process) ឬអាចនិយាយសាមញ្ញថា លោកគួតែទទួលបានឯកសារ ជូនដំណឹងដោយផ្ទាល់ដៃ អំពីករណីនេះ។
មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា មានលោក Paul Hayes ដែលជាភ្នាក់ងារជូនដំណឹង នៅក្នុងតុលាការអាមេរិក បានប៉ុនប៉ងប្រគល់ឯកសារដោយផ្ទាល់ដៃ ដែលទាក់ទងទៅនឹង ករណីនេះ ទៅលោក ហ៊ុន ម៉ាណែត នៅពេលដែលលោក នៅសហរដ្ឋអាមេរិក នៅក្នុងខែមេសា ហើយមានការចោទប្រកាន់ថា លោក Hayes ត្រូវវាយ ដោយអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត ខណៈពេលដែលព្យាយាមបញ្ជូនឯកសារនោះ។ ប៉ុន្តែលោក Beres និយាយថា លោកមិនបានដឹងអំពី បណ្តឹងព្រហ្មទណ្ឌណាមួយ ដែលកំពុងដំណើរការទាក់ទងនឹង ករណីនៃការព្យាយាមជូនដំណឹង នោះឡើយ។
លោកថ្លែងថា៖ «បញ្ហាចំពោះមុខតុលាការពេលនេះ គឺពុំមែនជាការសម្រេចលើអង្គសេចក្តីនៃពាក្យបណ្តឹងនោះទេ។ ការចោទប្រកាន់ក្នុងពាក្យបណ្តឹង ក៏មិនមែនជាបញ្ហាដែលត្រូវពិនិត្យ នៅក្នុងដំណាក់កាល នេះដែរ។ ដំណើររឿងនេះ គឺផ្អែកលើអង្គហេតុដែលឯកឧត្តម ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មសុច្ឆន្ទៈក្នុងរដ្ឋកាលីហ្វញ៉ា  ហើយជាក់ស្តែងនាពេលនោះ មានការប៉ុនប៉ង ក្នុងការជូនដំណឹងពី ពាក្យបណ្តឹង ដោយផ្ទាល់ដៃពីបុគ្គលម្នាក់  ដើម្បីឲ្យលោក ហ៊ុន ម៉ាណែត ដឹងថាមានពាក្យបណ្តឹងប្រឆាំងរូបលោក នៅតុលាការ។
«ជំហររបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានភាពច្បាស់លាស់ យ៉ាងប្រាកដ។ លោកមិនបានដឹងអំពី ពាក្យបណ្តឹងប្រឆាំងរូបលោក មុនលោកធ្វើដំណើរទស្សនកិច្ច ទៅរដ្ឋកាលីហ្វញ៉ា ហើយលោក ក៍មិនបានដឹងថា មានបុគ្គលណាម្នាក់ព្យាយាមប៉ុនប៉ង ប្រគល់ឯកសារជូនលោក នៅពេលនោះដែរ។ គាត់បានដឹងអំពីរឿងទាំងនេះ នៅពេលដែលបានអានសារព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦៕