សម្តេចពិជ័យសេនា ៖ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត


( សៀមរាប ) ៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប នៅក្នុងឱកាលជួបសំណេះសំណាលជាមួយសមាជិកសមាជិកការគណបក្សប្រជាជនកម្ពុជាប្រមាណ ១,៥០០ នាក់ នៅស្រុកអង្គរធំ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

សម្តេចបានបន្តថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ព្រោះថា ដរាបណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ ។

ក្នុងនោះដែរសម្តេច ក៏បានសំណូមដល់ប្រជាពលរដ្ឋ ដែលមានភូមិដ្ឋានស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ( តំបន់អប្សរា ) សូមមានការអព្យាស្រ័យចំពោះអាជ្ញាធរមូលដ្ឋាន ដោយបច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរា ដើមី្បជាការបំពេញនូវតម្រូវការចាំបាច់របស់បងប្អូនផងដែរ ។

សម្តេច ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

ក្នុងនោះ សម្តេចបានជម្រុញឲ្យបង ប្អូនសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។

កត្តាសំខាន់នោះគឺផ្សព្វផ្សាយជម្រុញដល់យុវជន និង ប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជា ជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារ បានសន្តិភាព និង ការអភិវឌ្ឍមូលដ្ឋាន និង ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន និង ត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និង រួមគ្នាការពារសន្តិសុខសុវត្ថិភាព និង ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង រួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង