បេក្ខជនតំណាងរាស្ត្រមណ្ឌលតាកែវ បន្តចុះជួបសំណេះសំណាលជាមួយសមាជិកបក្សឃុំសោម និងឃុំគិរីចុងកោះ


ព្រឹកថ្ងៃចន្ទ ០៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ២០១៨ ឯកឧត្តម សុខ សូកាន បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានចុះជួបសំណេះសំណាលជាមួយសាខាបក្សភូមិ និងមេក្រុមបក្ស ចំនួន ៤៥៤នាក់ នៅឃុំសោម ស្រុកគិរីវង់។

ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ មានប្រសាសន៍ជម្រាបជូនសមាជិក សមាជិកាទាំងអស់ពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សដើម្បីរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ហើយខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ស្តារ និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនរហូតដល់សព្វថ្ងៃ។ ឯកឧត្តមបន្តថាក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញលើផ្ទៃប្រទេស ហើយតាមរយៈសន្តិភាពនេះសមិទ្ធផលជាច្រើនត្រូវបានកសាងឡើង ជាក់ស្តែងនៅស្រុកគិរីវង់នេះ សម្តេចវិបុលបញ្ញា សុខ អាន បានបន្សល់នូវស្នាដៃជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាថែរក្សានូវសមិទ្ធផលដែលថ្នាក់ដឹកនាំរបស់យើងបានកសាងឡើង ហើយរួមគ្នាការពារសន្តិភាពដែលជាមូលដ្ឋាននៃការអភិវឌ្ឍដែលនាំប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សូកាន ក៏បានផ្សព្វផ្សាយពីគោលនយោបាយនានារបស់គណបក្ស ជាពិសេសគឺវិធានការជាក់ស្តែងជាអទិភាពដែលត្រូវជម្រុញឱ្យអនុវត្តក្នុងឆ្នាំ២០១៩ ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដែលត្រូវបានប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស។

ជាចុងក្រោយឯកឧត្តមបានជម្រុញដល់សមាជិក សមាជិការទាំងអស់ចូលរួមបោះឆ្នោតទាំងអស់គ្នាហើយបោះឱ្យត្រូវជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ ដើម្បីរក្សា ការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រោយពីបញ្ចប់សំណេះសំណាលនៅឃុំសោម ឯកឧត្តម សុខ សូកាន ក៏បានបន្តទៅសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សចំនួន ២៩២នាក់បន្ថែមទៀតនៅឃុំគិរីចុងកោះ។