រសៀលថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដំណើរចុះពិនិត្យ វាយតម្លៃ និងធ្វើការប្រគល់ទទួលសមិទ្ធផលប្រឡាយមេស្ពានស្រែង (ជំហានទី ២) ដែលបានបញ្ចប់ការសាងសង់ឡើងវិញជាស្ថាពរ ។
សូមរំលឹកជូនថា ដើម្បីពង្រីកសក្តានុពលស្រោចស្រពទៅកាន់ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រឡាយមេស្ពានស្រែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បន្តសាងសង់ឡើងវិញនូវជំហានទី ២ ប្រវែង ៦.០៥០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការសរុបចំនួន ១៦ កន្លែង ។ ប្រឡាយមេ ស្ពានស្រែង (ជំហានទី ២) នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១.៨៥៥ ហិកតា និងស្រូវប្រាំង ១៤២ ហិកតា ។