ឯកឧត្តម ប៊ិន ឈិន៖ មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយដើម្បីមានសន្តិភាពត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា


ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្ស និងភ្នាក់ងារគណបក្សសរុបចំនួន ២,១៦៧នាក់ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង នាព្រឹកថ្ងៃអង្គារ ០៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានបញ្ជាក់ថា មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយដើម្បីមានសន្តិភាពត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដូច្នេះគ្រប់សមាជិកបក្ស គ្រួសារបក្សទាំងអស់ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះឯកឧត្តម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបានស្នើសុំដល់ការយោគយល់ពីសមាជិកទាំងអស់ប្រសិនបើមានការថ្នាក់ថ្នាំងចំពោះថ្នាក់មូលដ្ឋានសូមកុំខឹងដល់ថ្នាក់ដឹកនាំគណបក្សយើង ព្រោះថ្នាក់ដឹកនាំលោកតែងគិតគូរ និងយកចិត្តទុកដាក់ណាស់ចំពោះសមាជិកនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវក៏បានលើកឡើងពី គណបក្សស្រុក ជាពិសេសសមាជិកសមាជិកាគណបក្សស្រុក ដែលកន្លងមកបានរួមចំណែកនាំមកនូវជោគជ័យជូនគណបក្ស ដែលធ្វើឱ្យខេត្តតាកែវក្លាយជាខេត្តឈ្នះឆ្នោតមួយកាលពីឆ្នាំ២០១៣។