ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានផ្ដាំផ្ញើទៅគណៈកម្មាការ សហភាពអឺរ៉ុប(EU)ថា ត្រូវដឹងសភាពការណ៍ ជាក់ស្ដែងនៅកម្ពុជា មិនគ្រាន់តែមាននិន្នាការទៅរក អតីតគណបក្សសង្គ្រោះជាតិ មកបង្ខំឲ្យកម្ពុជាបោះបង់ ចោលនូវឯករាជ្យរបស់ខ្លួន ដើម្បីទទួលបាននូវ អនុគ្រោះពន្ធនោះទេ ។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ចេញពីទីក្រុងប្រ៊ុយសែល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា សហភាពអឺរ៉ុបទទួលបន្ទុក ផ្នែកពាណិជ្ជកម្ម ធ្វើការព្រមានដកកម្ពុជាចេញពីគម្រោងអនុគ្រោះពន្ធ ដោយអះអាងថា គឺជាវិធានការចុងក្រោយ ប្រសិនបើរាល់កិច្ចខិតខំ ប្រឹងប្រែងរបស់ពួកគេ ដើម្បីស្តារឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយ នៅកម្ពុជាត្រូវបរាជ័យ ។
ស្នងការពាណិជ្ជកម្មនៃ EU លោកស្រី Cecillia Malmstrom បានថ្លែងថា សហភាពអឺរ៉ុបមានមោទនភាព ផ្ដល់ឲ្យប្រទេសដែល ងាយរងគ្រោះបំផុត ខាងសេដ្ឋកិច្ចនៅជុំវិញពិភពលោក ជាមួយនឹងការទទួលបានដោយសេរី នូវការនាំចូលទំនិញចូល ទៅកាន់ទីផ្សារ ។ គំនិតផ្តួចផ្ដើមនៃអ្វីៗទាំងអស់ លើកលែងតែអាវុធ (Everything But Arms) មានឥទ្ធិពលជាសំខាន់ទៅលើការអភិវឌ្ឍ និងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។
ស្នងការពាណិជ្ជកម្មបញ្ជាក់ថា “ការដកប្រទេសកម្ពុជាចេញ ពីគ្រោងការណ៍ពាណិជ្ជកម្ម គឺជាវិធានការនៃ ជម្រើសចុងក្រោយ ប្រសិនជាកិច្ចខិតខំប្រឹងផ្សេងទៀត ទាំងអស់របស់យើងបានបរាជ័យ ដើម្បីដោះស្រាយការព្រួយបារម្ភទាំងនេះ” ។
ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ឯកឧត្តម សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៣ កក្កដា ថា សហភាពអឺរ៉ុបព្រមានដកកម្ពុជា ចេញពីគម្រោងអនុគ្រោះពន្ធ បញ្ហាទាំងនេះជារឿងរបស់ ពួកគាត់ដូច្នេះកម្ពុជាគ្មានសិទ្ធិអំណាច មករារាំងពួកគាត់ឡើយ។
ឯកឧត្តមមានប្រសាសន៍ថា “ក៏ប៉ុន្ដែគាត់ត្រូវតែផ្សារភ្ជាប់ នឹងសភាពការណ៍ពិត ជាក់ស្ដែងនៅកម្ពុជា មិនត្រូវគ្រាន់តែមាន និន្នាការនយោបាយ កាន់ជើងអតីតបក្សប្រឆាំង ហើយមកបង្ខំឲ្យកម្ពុជា បោះបង់ចោលឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ដើម្បីបានទទួលនូវការ អនុគ្រោះពន្ធនោះទេ” ។
ជាមួយគ្នានេះដែរលោកបន្ថែមថា ប្រសិនបើសិទ្ធិមនុស្សនៅកម្ពុជា មានការធ្លាក់ចុះពិតមែន ដូច្នេះប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសរស់មិនបានឡើយ ដូចទៅក្នុងរបបសាធារណរដ្ឋខ្មែរ របស់លោក លន់ ណន់ ក៏ដូចជារបបកម្ពុជាប្រជាធិបតេយ្យ ។
ឯកឧត្តមបន្ដថា ដោយសារតែកម្ពុជា មានសិទ្ធិសេរីភាពលេញ និងមានការគោរពសិទ្ធិមនុស្ស ទើបកម្ពុជាមានលទ្ធិប្រជាធិតេយ្យ ដែលបានដំណើរការដោយរលូន ។ លោកថា ការវាយតម្លៃរបស់សហភាពអឺរ៉ុប មកកម្ពុជាបានផ្ទុយ ដោយសារតែកម្ពុជាមាន ការគោរពសិទ្ធិមនុស្ស លើកកម្ពស់លទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស នេះហើយបានជាកម្ពុជា ដំណើរការដោយរលូន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ៕