(ភ្នំពេញ)៖ មេដឹកនាំទាំង ១០រូប របស់អាស៊ាន បានបង្ហាញនូវការគាំទ្រខ្លាំង ចំពោះផែនការអភិវឌ្ឍន៍របស់ប្រទេសជប៉ុន នៅក្នុងតំបន់អាស៊ាន ដែលមានដូចជាការការវិនិយោគ ការបណ្តុះធនធានមនុស្ស ការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងការពង្រីកវិស័យទេសចរណ៍ជាដើម។
គោលគំនិតគាំទ្រលើផែនការអភិវឌ្ឍន៍របស់ជប៉ុន ពីសំណាក់មេដឹកនាំអាស៊ាន ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយលើទំព័រ Facebook របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃដដែលនេះ។
យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មេដឹកនាំអាស៊ាន បានមើលឃើញថា ប្រទេសជប៉ុន បាននឹងកំពុងដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន ហើយជប៉ុន បានក្លាយទៅជាដៃគូពាណិជ្ជកម្ម និងវិនិយោគលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសចិន។
នៅឆ្នាំ ២០១៥ កន្លងទៅនេះ ពាណិជ្ជកម្មរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៣៩.៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគផ្ទាល់ពីជប៉ុន មកអាស៊ាន មានចំនួន ១៧.៤ប៊ីលានដុល្លារអាមេរិក។
Facebook នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា មេដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្ររបស់ជប៉ុន ដល់ការអភិវឌ្ឍសហគ្រិនមីក្រូធុនតូច និងមធ្យមនៅក្នុងតំបន់ និងបានកត់សម្គាល់ពីការពង្រឹង នៃការចរចាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានរំពឹងទុកថា ជប៉ុននឹងបន្តគាំទ្រលើផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការពង្រឹកភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធ មានគុណភាព និងគោលការណ៍ G7 Ise Shima សម្រាប់ការលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានគុណភាព។
ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ាន បានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន សម្រាប់ការតភ្ជាប់តាមផ្លូវអាកាសកាន់តែប្រសើរឡើង រវាងអាស៊ាននិងជប៉ុន និងបានស្វាគមន៍កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់លើកទី១។
មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍គំនិតផ្តួចផ្តើមតភ្ជាប់មេគង្គ-ជប៉ុន និងការបន្តរួមចំណែករបស់ជប៉ុន ដល់គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន តាមរយៈការគាំទ្រលើការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន សម្រាប់ឆ្នាំ២០១៦-២០២០។
មេដឹកនាំអាស៊ាន ក៏បានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន ចំពោះការសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់អាស៊ាន ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ មេដឹកនាំអាស៊ានបានរីករាយចំពោះការគាំទ្ររបស់ជប៉ុន ចំពោះការលើកកម្ពស់ការអភិវឌ្ឍសុខភាពនៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថែទាំសុខភាព រួមបញ្ចូលទាំងតាមរយៈគំនិតផ្តួចផ្តើមសុខភាពអាស៊ាន-ជប៉ុន។
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានរីករាយចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស លើវិស័យឧស្សាហកម្ម និងមូលនិធិជប៉ុន-អាស៊ាន សម្រាប់ការផ្តល់លទ្ធភាពដល់ស្រ្តី ដើម្បីបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន-ជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងវិស័យកីឡា តាមរយៈការបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីវិស័យកីឡាអាស៊ាន-ជប៉ុន៕