អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់


នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងអស់ បើទោះជាពេលនេះស្ថានភាពទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្នយ៉ាងណាក្តី ក៏ប៉ុន្តែស្ថានភាពអាកាសក្នុងរយៈពេលកន្លងមកនេះមានភ្លៀងធ្លាក់ជាប់ជាប្រចាំ ជាមូលហេតុនាំឲ្យទឹកទន្លេជន់ហក់ឡើងគួរឲ្យកត់សម្គាល់ ។

ក្នុងស្ថានភាពនេះត្រូវត្រៀមវិធានការសរុប និងមធ្យោបាយសរុប ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយឲ្យបានទាន់វេលា ។

ទន្ទឹមគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលស្ថិតនៅតាមដងទន្លេស្រែពក មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវអនុវត្តឲ្យបាននូវអនាម័យក្នុងការរស់នៅជៀសវាងបង្ករជម្ងឺរាតត្បាតផ្សេងៗ ។

តមកនាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម បានអញ្ជើញចុះពិនិត្យស្ថានភាពបង្ករបង្កើនផល និងស្ថានភាពផ្លូវគមនាគមន៍ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំជ័យឧត្តម និងឃុំសេដា ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានតភ្ជាប់ផ្លូវគមនាគមន៍មកកាន់ស្រុកបរកែវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ប្រជាកសិករ ។