អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូចំនួន ៣៤គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣៤ ក្នុងខេត្តស្ទឹងត្រែង


នៅព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រគល់ម៉ូតូចំនួន ៣៤គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣៤ ក្នុងខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការ ស្នងការរង ការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុកទាំង៥ និងនាយប៉ុស្តិ៍គរបាលរដ្ឋបាលទាំង៣៤ ក្នុងខេត្តស្ទឹងត្រែង។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត និងត្រូវខិតខំប្រឹងប្រែងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពួកគាត់ឲ្យបានគ្រប់ពេលវេលា។ ជាងនេះទៅទៀត នៅចំពោះមុខ គឺត្រូវការពារសណ្តាប់ធ្នាប់ឲ្យបានល្អដល់បណ្តាគណបក្សនយោបាយនានាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការិយាល័យបោះឆ្នោតដែលបាននឹងកំពុងប្រព្រឹត្តឡើងនាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ឲ្យថែរក្សានូវទោចក្រយានយន្តដែលប្រគល់ជូននាពេលនេះ ត្រូវយកទៅប្រើប្រាស់ក្នុងក្របខណ្ឌបម្រើផលប្រយោជន៍ ថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕