សម្តេចភក្តី សាយ ឈុំ ដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោះជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅរាជធានីភ្នំពេញ


ព្រឹកថ្ងៃអាទិត្យ ១០កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមានសមាជិកា សមាជិកគណបក្សសរុបប្រមាណជាង១០.០០០(ដប់ពាន់)នាក់ បានមកជួបជុំគ្នានៅទីលានមុខសាលមហោស្រពនៃមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ ដើម្បីរៀបចំជាក្បួនហែរឃោសនាបោះឆ្នោត នៅទូទាំងរាជធានីភ្នំពេញ។
បន្ទាប់ពីបានអញ្ជើញជួបសា្វគមន៍ជាមួយក្រុមសកម្មជនយុវជនគណបក្ស និងបងប្អូនសមាជិកា សមាជិកគណបក្ស រួចមក សម្តេចប្រធានក្រុមការងារគណបក្ស បានថ្លែងទៅកាន់អង្គពិធី “ក្បួនយុទ្ធនាការឃោសនាបោះឆ្នោតលើកទី៣ ដែលយើងនឹងចាប់ផ្តើមបន្តិចទៀតនេះ ក៏ដូចជាក្បួនយុទ្ធនាការឃោសនាបោះឆ្នោតលើកទី១ និងលើកទី២ កន្លងមកនេះដែរ គឺដើម្បីបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ របស់គណបក្ស និងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់សមាជិកា សមាជិកគណបក្ស របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ចំពោះការដឹកនាំរបស់គណបក្សយើង”។
សម្តេច មានប្រសាសន៍បន្តទៀត ៖
“- បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដីដ៏ពេញលេញ និងកិត្យានុភាពដ៏ខ្ពស់ត្រដែតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីកែលម្អ និងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។
– គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ”។
គឺក្នុងជំនឿជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ប្រាកដជានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះជាដាច់ខាតសម្តេចប្រធានក្រុមការងារ ក៏បានប្រកាសចាប់ផ្តើមចេញដំណើរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់រាជធានីភ្នំពេញជាលើកទី៣ ហើយក្នុងឱកាសនោះ សម្តេចភក្តី ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ក៏បានអញ្ជើញចូលរួមដង្ហែរជាមួយក្បួនខ្សែទី១ ដែលមានមុខព្រួញឆ្លងកាត់ភូមិសាស្ត្រ នៃខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌមានជ័យដោយទទួលបានការស្វាគមន៍ពីសមាជិកា សមាជិកគណបក្ស និងប្រជាពលរដ្ឋ តាមដងផ្លូវដែលក្បួនឆ្លងកាត់ យ៉ាងកក់ក្តៅ ស្និទ្ធស្នាល និងសប្បាយរីករាយជាទីបំផុត៕