ឯកឧត្តម​ គួច​ ចំរើន​ អញ្ជើញបើកការដ្ឋានធ្វើផ្លូវបេតុងមួយខ្សែក្នុងភូមិទី៩ ឃុំព្រែកតានុង ស្រុកកោះសូទិន​ ខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញបើកការដ្ឋានធ្វើផ្លូវបេតុងមួយខ្សែមានប្រវែង​ ១៦៦០ម៉ែត្រ​ និងទទឹង៧ម៉ែត្រ​ ដែលស្ថិតក្នុងភូមិទី៩ ឃុំព្រែកតានុង ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។
ឯកឧត្តម​ គួច​ ចំរើន​ បានលើកឡើងថា​ ផ្លូវបេតុងមួយខ្សែនេះ​ បានការឧបត្ថម្ភថវិការបស់ក្រសួងសាធារណ:ការ​ និងដឹកជញ្ជូន​ កសាងស្ថាបនាធ្វើដោយមន្ទីរសាធារណ:ការ​ និងដឹកជញ្ជូន​ខេត្តកំពង់ចាម​ ផ្ដល់​ជូន​បងប្អូនប្រជាជនដែលរស់នៅ​ ក្នុងមូលដ្ឋានឃុំព្រែកតានង់​ ស្រុកកោះសូទិន​។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋ​មន្ត្រី សម្តេចបានខិតខំប្រឹងប្រែងកសាងនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋ​ តាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន​ និងការអភិវឌ្ឍន៍ទៅមុខទៀត។ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ មានផ្លូវ មានក្តីសង្ឃឹម ហើយមានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិព្រែកតានុង​ បង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅ កាន់ទៅផ្សារ ក៍ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅកាន់សាលារៀនផងដែរ ។

ឯកឧត្តម​ បានស្នើសូមដល់ប្រជាពលរដ្ឋ​ សូ​មអធ្យាស្រ័យក្នុងដំណើរការកសាងផ្លូវបេតុង​នេះ​ ប្រសិនបើមានផលប៉ះពាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ ព្រោះនាពេលខាងមុខនឹងទទួលបានផ្លូវបេតុងថ្មីប្រើប្រាស់ហើយ។

ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា​ ដើម្បីរក្សាភាពសុខសាន្ត រុងរឿងរបស់យើង ដូចនេះយើងត្រូវរួមគ្នារក្សា ឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់យើងបន្តទៀត កុំឲ្យជឿនូវពាក្យញុះញង់របស់ក្រុមមនុស្សមួយចំនួន ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅ កម្ពុជា តាមរយៈមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃខាងមុខ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោត​ នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន​ ។