ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន អញ្ជើញពិនិត្យផ្លូវក្រាលក្រួសក្រហម ១ ខ្សែតភ្ជាប់ពីឃុំកំពង់គ្រែង ទៅឃុំស្ទឹងកែវស្រុកទឹកឈូខេត្តកំពត


រសៀលថ្ងៃអង្គារ ១២ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២៤ ខែកក្កដា​ ឆ្នាំ​២០១៨​ ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ និង ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញពិនិត្យផ្លូវក្រាលក្រួសក្រហម ១ ខ្សែ ប្រវែង ៨ ៨០០ ម តភ្ជាប់ពីឃុំកំពង់គ្រែង ទៅឃុំស្ទឹងកែវស្រុកទឹកឈូខេត្តកំពត និងស្ពានឈើ ២ កន្លែង មួយកន្លែងប្រវែង ៧០ ម ( ស្ពានស្ទឹងកែវ ) និងមួយកន្លែងទៀតប្រវែង ៦០ ម ( ស្ពានអន្លង់ម៉ាក់ប្រាំង ) ស្ថិតនៅឃុំស្ទឹងកែវស្រុកទឹកឈូ ដែលខូចខាតទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង។
គួររំលឹកថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលរងផល ប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពត មានក្រុងកំពត ស្រុកទឹកឈូ ស្រុកឈូក ស្រុកកំពង់ត្រាច ស្រុកដងទង់ និងស្រុកជុំគីរី ៕