អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលដែលកំពុងមានសព្វថ្ងៃ បើមិនមានការចូលរួមថែរក្សាការពារទេនោះ វានឹងបាត់បង់ទៅវិញជាក់ជាមិនខានឡើយ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលដែលកំពុងមានសព្វថ្ងៃ បើមិនមានការចូលរួមថែរក្សាការពារទេនោះ វានឹងបាត់បង់ទៅវិញជាក់ជាមិនខានឡើយ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចេះថ្លឹងថ្លែងកុំជឿទៅតាមការបោកបញ្ឆោតរបស់ពួកជនអគតិមួយចំនួនតូចឲ្យសោះ ត្រូវមានជំនឿជឿជាក់មកលើអាជ្ញាធរដែនដី លោកមេឃុំ មេភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ ជាពិសេសរូបឯកឧត្តមដែលជាសមាជិកក្រុមគ្រួសាររបស់បងប្អូន។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រជាការពារ ជិត៤០០នាក់ ក្នុងភូមិជ្រៃក្រឹម និងភូមិអំពួច ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ គណៈអភិបាលខេត្ត តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អវុធទាំង៣។

ក្នុងថ្ងៃដដែលនោះ ប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងជួយចែករំលែកទុក្ខក្រុមគ្រួសារសព លោក ភួង សូឡី សមាជិកក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងជាអតីតយុទ្ធជន ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង០២និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕