សមាជិកថ្មីនិងសមាជិកមកពីគណបក្សផ្សេងៗចំនួន១០៦រូបនៅសង្កាត់កំពង់ឆ្នាំងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


កំពង់ឆ្នាំងៈសមាជិកថ្មីនិងសមាជិកមកពីគណបក្សផ្សេងៗចំនួន១០៦រូបនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះបានធ្វើឡើង នៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមហ៊ី ណាត ,ឯកឧត្តមគុយ ចន្ថា,លោកយិន សាវ៉េន,លោកវង្ស ឌីណាសមាជិកបក្សខេត្តលោកលោកស្រីសមាជិកសមាជិកាបក្សក្រុង សង្កាត់ទាំង៤និងសមាជិកថ្មីសរុបចំនួន៦៥៩នាក់។

បន្ទាប់ពី តំណាងអោយសមាជិកថ្មីទាំង១០៦រូប បានឡើងអានពាក្យសុំចូលសមាជិកគណបក្សប្រជាជនកម្ពុជារួចមក លោកយិន សាវ៉េន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង បានអានសេចក្តីសំរេចលេខ៧៧១ចុះថៃ្ងទី១៥ខែកក្កដាឆ្នាំ២០១៨ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង សំរេចបញ្ចូលសមាជិកសមាជិកាថ្មីចំនួន១០៦រូប ជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះតទៅ។

តំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅៈ១.ខិតខំអភិវឌ្ឍន៍អប់រំសមត្ថភាពខ្លួនអោយក្លាយទៅជាកំលាំពិតរបស់គណបក្សប្រជាជនកម្ពុជានិងប្រទេសជាតិ,២.សាមគ្គីភាពផ្ទៃក្នុងបក្សអោយបានល្អនិងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋាននានាក្នុងសង្គមដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស,៣.គាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី អាណត្តិនិតិកាលទី៦នៃរដ្ឋសភា និង អាណត្តិក្រោយៗទៀតដើម្បីបន្តដឹកនាំនាវាកម្ពុជាអោយមានសុខសន្តិភាពនិងការអភិវឌ្ឍនូវសមិទ្ធផលថ្មីៗបន្ថែមទៀត និង បានប្តេជ្ញាទៅបោះឆ្នោតនៅថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿនបានថែ្លងថា៖អស់លោកលោកស្រី
ក្មួយៗទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ដែលកន្លងមកគ្រប់អាណត្តិគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាច្រើនជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តមឈួរ ច័ន្ទឌឿនបានមានប្រសាសន៍បន្តទៀតថាៈគណបក្សប្រជាជនគឺជាគណបក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិ ប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនបានយកវប្បធម៌សន្ទនាចរចាស្វែងរកសន្តិភាពជា មួយ សម្តេច សីហនុ និងជាអ្នកយាង សម្តេច សីហនុ ចូលប្រទេស គ្រងរាជសម្បត្តិឡើងវិញ និងក៏ជាបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ។ប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យមានសុខសន្តិភាព មានគណបក្សជាច្រើនចូលរួមបោះឆ្នោតកសាងប្រទេស ក៏ដោយសារគណបក្សប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើផងដែរដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណងសាមគ្គីផ្ទៃក្នុងបក្សអោយបានរឹងមាំ ត្រូវចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាកម្ពុជាអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីអោយពួកគាត់បានយល់ច្បាស់ និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨គ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសុខសន្តិភាពនិងបន្តដឹកនាំប្រទេសអោយកាន់តែរីកចំរើននិងទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕