ឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី ១២ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០១៨


រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី ៣១ខែកក្កដា ឆ្នាំ ២០១៨ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី ១២ ដែលទទួលការរៀនបំប៉ន សម្រាប់ត្រៀមប្រឡង សញ្ញាបត្រ សធ្យមសិក្សា ទុតិយភូមិ សម័យប្រឡងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨ខាងមុខនេះ ។ ពិធីសំណេះសំណាល ខាងលើធ្វើឡើងនៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ។​
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអោយដឹង ថា៖ សិស្សានុសិស្សទទួលការរៀនបំប៉ន សរុបចំនួន ៥៧៧នាក់ ស្រី ២៩៧ នាក់ មកពីវិទ្យាល័យចំនួន៧រួមមាន៖វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ចំនួន ២៨៦ នាក់ វិទ្យាល័យហ៊ុន សែន ភូមិថ្មី ចំនួន ៨៥នាក់ វិទ្យាល័យ អន្ទេវាសិកដ្ឋាន បានលុង ៦៥ នាក់ វិទ្យាល័យ បរកែវ ៣៥ នាក់ ។ វិទ្យាល័យអណ្តូងមាស ៤០នាក់។​វិទ្យាល័យវិរៈជ័យ ២៣នាក់។​វិទ្យាល័យត្រពាំងក្រហម៤៤នាក់។​លោក ខាត់ សាម៉ាល់ បានបន្តថា ការរៀន សូត្របំប៉នបន្ថែមនេះ ប្រព្រឹត្តទៅ រយៈពេល ១ខែ កន្លះ ដោយសិក្សាទៅលើ មុខវិទ្យា សំខាន់ៗ សម្រាប់អោយសិស្សានុសិស្ស ទាំងអស់ ក្រេបជញ្ជក់បន្ថែម ដើម្បីយកទៅអនុវត្តន៍ ពេលប្រឡង នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ខាងមុខនេះ ។

ឯកឧត្តម ថង សាវុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាព របស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម និងលើកកម្ពស់ គុណភាព អប់រំក្នុងខេត្ត យ៉ាងពិតប្រាកដ ដែលភស្តុតាង បានបញ្ជាក់ស្រាប់ នោះគឺ ភាគរយ នៃសិស្សប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ៥ ឆ្នាំ នៃកំណែរទំរង់ការប្រឡង មានចំនួនខ្ពស់ក្នុងរង្វង់ ៧៥% ស្ថិតក្នុងចំណោម រាជធានី ខេត្ត ទាំង ១០ ដែលមានភាគរយសិស្សប្រឡងជាប់ ច្រើនជាងគេ ។ ម៉្យាងទៀតលោកគ្រូ អ្នកគ្រូ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ លើការកែទម្រង់ជាតិ ជាពិសេស កំណែរទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ ក្នុងនោះរួមទាំងការលើកកម្ពស់ គុណវឌ្ឍ គ្រូបង្រៀន ការបង្កើនប្រាក់បៀវត្ស ជូនដល់គ្រូបង្រៀន យ៉ាងទាប បំផុត អោយ បាន ១លានរៀល ក្នុងឆ្នាំ ២០១៨នេះ ក្នុងគោលបំណង ដើម្បីការអភិវឌ្ឍន៍ ភាពសុខដុមរមនា វិបុលភាព និងសន្តិភាពរបស់កម្ពុជា ។

ឯកឧត្តម អភិបាលខេត្តបានសង្កត់ធ្ងន់ថា ការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជនកីឡាង និងបន្តរឹតបន្តឺង ដដែល មិនបន្ធូបន្ថយទេ ដោយផ្អែកលើគោលការ បួនគឺ ៖ ច្បាប់ យុត្តិធម៌ សម្លាភាព និងលទ្ធផលទទួលយកបាន ។ ហើយក្រសួងអប់រំយុវជន និងកីឡា និងផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សប្រលងជាប់ និទេស A ដោយឡែកឯកឧត្តមក៏នឹងផ្តលម៉ូតូ១គ្រឿងជូននិទ្ទេសAផងដែរ។ នៅរយៈពេលមិនដល់១ខែ ទៀតទេ ការប្រឡងនឹងមកដល់ ហើយក្មួយៗ និងបញ្ចប់ ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ក្មួយៗជាមនុស្សពេញវ័យហើយ ជីវិតរស់ នៅ ការសិក្សា ការងារ វានឹងខុសគ្នា ដូចនេះក្មួយៗត្រូវខិតខំរៀន សូត្រ នូវថ្នាក់ឧត្តម បន្ត ដើម្បីមានចំណេះដឹង និងជំនាញ ឆ្លើយតបទៅនិងទីផ្សាការងារ នាសម័យ សកល ភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជា តំបន់ និងសកលលោក ដែលកំពុងមាន ការរីកចម្រើនយ៉ាងលឿន ហើយក្មួយៗត្រូវខិតខំកសាងខ្លួនឯងអោយបានល្អ អោយសមជា ពលរដ្ឋល្អ សិស្សល្អ មិត្តល្អ បន្តទៀត នាពេលអនាគត់ ។ ឯកឧត្តម បន្តថា ក្មួយៗជំនាន់ នេះ មានសំណាងណាស់ ដែលមានឳកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព គ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រ សមរម្យ មានប្រព័ន្ធអីនធ័រណេត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកអ្នកជួយគាំទ្រ សព្វបែបយ៉ាង ដូចនេះក្មួយៗ ត្រូវក្តាប់ឳកាសអោយជាប់ ហើយប្រែក្លាយ សម្រាប់ខ្លួនឯង និងសង្គមជាតិ ៕