នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-តាខ្មៅ​សម្ពោធ​ជា​ផ្លូវការ​ហើយ


ស្រប​ពេលដែល​ទឹកជំនន់​កំពុង​ហក់​ឡើង​ខ្លាំង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានដាក់​សម្ពោធ​នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី1 ខែសីហា​នេះ។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការបង្កើតឱ្យមាន​សេវា​នេះ​មាន​គោលបំណង​ដើម្បី​ពង្រីក​វិស័យ​ដឹកជញ្ជូន​ឱ្យមាន​ច្រើន​ជម្រើស ព​ន្លឿ​ន​ការដឹកជញ្ជូន កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ និង​ប្រើ​ឱ្យអស់​លទ្ធភាព និង​សក្ដានុពល​នៃ​ទន្លេ​នៅក្នុង​ប្រទេស។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវ​ឆ្លងកាត់​ចំណត​នាវា ចំនួន5 រួមមាន៖ ចំណត​ឫស្សីកែវ ចំណត​ផ្សារ​ចាស់ ចំណត​ចតុមុខ ចំណត​ច្បារអំពៅ និង​ចំណត​ក្រុង​តាខ្មៅ។

សូមបញ្ជាក់​ជូន​ថា បច្ចុប្បន្ន​មាន​នាវា​ចំនួន 4គ្រឿង​បាន និង​កំពុង​ប្រតិបត្តិការ ដែល​នាវានីមួយៗអាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី 54នាក់ ទៅ60នាក់ បើកបរ​ក្នុង​ល្បឿន 40គីឡូម៉ែត្រ ចាប់ពី​ម៉ោង 5:30នាទី​ព្រឹក ដល់​ម៉ោង 6:30នាទី​ល្ងាច ជា​រៀងរាល់ថ្ងៃ​ពី​ចំណត​ដើម​ដល់​ចំណត​ចុង​ប្រើ​រយៈពេល​តិចជាង 1ម៉ោង។

Passenger Boat From Prek Pnov to Takmao Has Officially Launched

1 August 2018