វិស័យ​ឧស្សាហកម្ម ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង 1លាន​នាក់


របាយការណ៍​បង្ហាញថា វិស័យនេះ​គាំទ្រ​ដោយ​កំណើន​រឹងមាំ នៃ​វិស័យ​សំណង់ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ការកើនឡើង​ជា​លំដាប់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ជាពិសេស​គ្រឿងបន្លាស់​យានយន្ត ទោចក្រយាន និង​បរិក្ខារ​អគ្គិសនី ដែល​អំណោយផល​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង។

កត្តា​ខាងក្រៅ គឺ​ភាពប្រសើរឡើង​នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ជាពិសេស​ប្រទេស​គោលដៅ​នាំចេញចម្បងៗ ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប កាណាដា និង​ជប៉ុន ដែល​បាន​ជំរុញ​កំណើន​តម្រូវការ​នាំចេញ និង​ការវិនិយោគ​ក្នុងស្រុក។ ទន្ទឹមនេះ​កត្តា​ខាងក្នុង​មានដូចជា ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ការរីកចម្រើន​សមត្ថ​ភាព​ជំនាញ ការពង្រីក​បណ្តាញ​អគ្គិសនី​និង​គមនាគមន៍ ទីតាំង​ភូមិសាស្ត្រ និង​ការលើកទឹកចិត្ត​អនុគ្រោះ​ពន្ធ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អ្នកវិនិយោគ។

ការនាំចេញ​សម្លៀកបំពាក់​កាត់ដេរ និង​ស្បែកជើង​មាន​កំណើន 11.1% នៅ​ឆមាស​ទី1 ឆ្នាំ2018 ខ្ពស់ជាង​ឆមាស​ទី1ឆ្នាំមុន 6.9%។ ការនាំចេញ​ផលិតផល​កម្មន្តសាល​មិនមែន​កាត់ដេរ សម្រេចបាន​កំណើន​ខ្ពស់​គួរឱ្យកត់សម្គាល់ ក្នុង​កម្រិត​បរិមាណ 2.3ដង ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​ការពង្រីក​ការវិនិយោគ​ដែលមាន​ស្រាប់ និង​ការវិនិយោគថ្មីៗ ព្រមទាំង​បរិយាកាស​ធុរកិច្ច​ល្អប្រសើរ សម្រាប់​វិស័យ​ទាំងនេះ។

ឧស្សាហកម្ម​បម្រើ​ក្នុងស្រុក ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ មាន​កំណើន​ខ្ពស់​ប្រមាណ​ជា 26%។ ការបើក​រោងចក្រ​ថ្មី​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន 73រោងចក្រ​កើនឡើង 58.7% ធៀប​នឹង​ឆមាស​ទី1ឆ្នាំមុន៕