ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា “នៅពេលដែលលទ្ធផលបោះឆ្នោត បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច បានប្រតិកម្មចំពោះ អតីតអ្នកគាំទ្រ គណបក្សប្រឆាំង ដែលបានរិះគន់ និងតែងតែប្រកាសរឿយ​ៗ អំពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលកន្លងមក ដែលបានលើកឡើងថា លទ្ធផល នៃចំនួនអ្នកទៅបោះឆ្នោត គឺជាឆន្ទៈម្ចាស់ឆ្នោត មិនមែនជាដី សម្បទានទេ ។

លើកឡើងតាមរយៈ បណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម នៅព្រឹកថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា “នៅពេលដែលលទ្ធផលបោះឆ្នោត បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដែលអាចឲ្យ គណបក្សប្រជាជនកម្ពុជា មានអសនៈពេញលេញ ក្នុងរដ្ឋសភា និងអាចបង្កើត រាជរដ្ឋាភិបាលតែឯងបាន ដោយងាយស្រួល មានជនមួយចំនួន បាននិយាយស្មានៗថា ជាសភាឯកបក្ស ដែលគណបក្សប្រជាជនកម្ពុជា អាចធ្វើសម្បទាន បែងចែកអសនៈមួយចំនួន ទៅឲ្យគណបក្សខ្លះ ដើម្បីឲ្យមើលឃើញ ជារដ្ឋសភាពហុបក្ស” ។

ឯកឧត្តមបានលើកឡើងបន្តថា “ការយល់ឃើញអគតិបែបនេះ មិនអាចមានឥទ្ធពលអ្វី ដល់សតិអារម្មណ៏ និងធ្វើឲ្យសាធារណមតិ យល់ច្រឡំបានឡើយ ។ លទ្ធផលនៃការបោះឆ្នោត កើតចេញពីការប្រកួតប្រជែង​ ដោយប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានគណបក្សចូលរួម ចំនួន ២០ ឯណោះ ។ ដូច្នេះ លទ្ធផល ក៏ជាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែរ ទោះបីមានបក្សតែមួយជាប់ឆ្នោត ក៏គឺជាការសម្រេចចិត្ត របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។ នេះជាសិទ្ធិសម្រេចរបស់ប្រជាជនកម្ពុជា ភាគច្រើនលើសលុប គ្មានមនុស្សភាគតិច ប្ញជនបរទេសណា មកបំពានបានជាដាច់ខាត ។ គណបក្សប្រជាជនកម្ពុជា គោរពឆន្ទៈប្រជាពលរដ្ឋ យ៉ាងម៉ឺងម៉ាត់ និងប្តេជ្ញាអនុវត្តឆន្ទៈប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត មិនអាចយកឆន្ទៈរាស្ត្រ​ ទៅបែងចែកធ្វើសម្បទាន ឲ្យគណបក្សផ្សេង ជាដាចខាត” ។

ឯកឧត្តមបន្តថា “កន្លងទៅកាលពីឆ្នាំ២០១៣ អតីតៈបក្សប្រឆាំង ដោយសារតែប្រមាថ​ ឆន្ទៈរាស្ត្រនេះហើយ បានជាត្រូវរលាយខ្សុល ដូចអំបិលត្រូវទឹក ។ ដូច្នេះ សូមកុំយល់ច្រឡំឲ្យសោះ ថាមានការយកឆន្ទៈរាស្ត្រ ទៅធ្វើសម្បទាន ឲ្យគណបក្សផ្សេងឲ្យសោះ ពីព្រោះឆន្ទៈរាស្ត្រជាម្ចាស់ឆ្នោត មិនមែនជាដីសម្បទានសោះឡើយ ។ ទោះបីនៅក្នុងរដ្ឋសភា មានបក្សតែមួយ ក៏នេះជាលទ្ធផលកើតចេញពីការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្សដែរ”៕