ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងថា កាលពីនីតិកាលទី៥ នៃរដ្ឋសភា កន្លងទៅសភាកម្ពុជា បានធ្វើការអនុម័តច្បាប់នានាជាង១០០ច្បាប់


ភ្នំពេញ ៖ អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងថា កាលពីនីតិកាលទី៥ នៃរដ្ឋសភា កន្លងទៅសភាកម្ពុជា បានធ្វើការអនុម័តច្បាប់នានាជាង១០០ច្បាប់ ដោយមានការពិភាក្សាយ៉ាងល្អិត ល្អន់ នូវច្បាប់នីមួយៗ។

ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨ថា “នៅក្នុងការតែងច្បាប់នេះ នៅអាណត្តិទី៥ យើងមាន១១៩ច្បាប់ដែលសភាបាន អនុម័ត”។

ចំពោះសំណួរថា នៅពេលអនុម័តច្បាប់ម្តងៗដែលជាច្បាប់សំខាន់ៗ ហើយភាគីពាក់ព័ន្ធដូចជា អង្គការ សង្គមស៊ីវិលជាដើម បានរិះគន់ថា ការអនុម័តមិនគ្រប់លក្ខណៈ និងមិនបានពិភាក្សាគ្រប់ជ្រុងជ្រោយ នោះ លោកតបទៅវិញថា ជាធម្មតានៅពេលធ្វើអ្វីមួយ ជាក់ស្តែង ដូចជាការអនុម័តច្បាប់អស់ទាំងនេះ គឺពួកគាត់តែងតែមានសិទ្ធិរិះគន់ជារឿងធម្មតា នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ។

ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា ទម្រាំមានការបញ្ជូនច្បាប់នានាមកសភាអនុម័ត គឺមានការ ពិភាក្សាពីក្រសួងពាក់ព័ន្ធជាច្រើនឆ្នាំ និងបានពិភាក្សាយ៉ាងលំអិតផងដែរ។

ឯកឧត្តមបន្តថា ក្នុងនីតិកាលទី៥កន្លងទៅ រដ្ឋសភាបានអនុវត្តបានលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យលទ្ធិ ប្រជាធិបតេយ្យនេះ មានការរីកចម្រើនដោយសេរីភាព នៃការបញ្ចេញមតិ មានការធានាក្នុងរដ្ឋសភា និងការតាក់តែងច្បាប់ដោយធ្វើបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ផងដែរ។

អគ្គលេខាធិការបានឲ្យដឹងទៀតថា សម្រាប់ការសន្ទានារវាងអ្នកនយោបាយនៅក្នុងរដ្ឋសភា ដើម្បីតស៊ូ មតិគ្នាក៏មាន ។ ទាំងនេះហើយដែលសុទ្ធតែជាព្រឹត្តិការណ៍ដែលមានក្នុងនីតិកាលទី៥ នេះសបញ្ជាក់ ឲ្យឃើញថា នីតិកាលទី៥គឺលទ្ធិប្រជាធិបតេយ្យ បានរីកចម្រើនក្នុងរង្វង់នៃរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហានានាគឺរដ្ឋសភាធ្វើឡើង តាមបទបញ្ញតិ នៃលទ្ធិប្រជាធិបតេយ្យទាំងអស់។

សម្រាប់អាណត្តិទី៦នេះ លោក ឡេង ប៉េងឡុង បានអះអាងថា នឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យ រដ្ឋសភាទទួលបានជោគជ័យដូចអាណត្តិទី៥ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ទាំងឡាយ ណាពី សំណាក់អតីតមេបក្សប្រឆាំង និងមតិរិះគន់ពីសំណាក់ភាគីអន្តរជាតិ៕