ឯកឧត្តម ផៃ ស៊ីផាន បានសម្តែងការប្រតិកម្ម ទៅនឹងការលើកឡើង របស់ប្រទេស មហាអំណាចមួយ ចំនួន ដែលជាអតីតប្រទេស ដែលធ្លាប់បានដាក់ អាណានិគមមកលើកម្ពុជា


ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានសម្តែងការប្រតិកម្ម ទៅនឹងការលើកឡើង របស់ប្រទេស មហាអំណាចមួយ ចំនួន ដែលជាអតីតប្រទេស ដែលធ្លាប់បានដាក់ អាណានិគមមកលើកម្ពុជា ហើយបានតាំងខ្លួន ជាពូជសាសន៍ ដែលមានឧត្តមភាព ឬចក្រព័ត្តនិយម ដែលតែងតែជ្រៀតជ្រែក សម្រេច ជោគវាសនា ជំនួសប្រជាពលរដ្ឋកម្ពុជា ជាពិសេសដែលបានពួកគេបានប្រឆាំង និងរិះគន់ទៅ នឹងការបោះឆ្នោតនៅកម្ពុជាថា ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីលំអរលទ្ធិប្រជាធិបតេយ្យ។

ក្រោយការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជាបានបញ្ចប់ទៅ គឺមានលក្ខណៈល្អប្រសើរ រលូន ស្ងប់ស្ងាត់ល្អ មិនមានបញ្ហាអ្វីកើតឡើងដូចអាណត្តិទី៥នោះ (ពេលនោះមាន មហាបាតុកម្ម​កើតឡើងប្រឆាំងលទ្ធផលឆ្នោត) ។ ការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលជាអាណត្តិទី៦នេះ មានការកោតសរសើរពីមតិជាតិ និងអន្តរជាតិជាច្រើន ប៉ុន្តែស្របពេលនឹងមានការកោត​សរសើរ ក៏មានការរិះគន់ជាច្រើនផងដែរ ពីអតីតមេបក្សប្រឆាំង និងអ្នកគាំទ្រជាដើម ព្រមទាំង​ពីសំណាក់បណ្តាប្រទេសមហាអំណាចមួយចំនួនផងដែរ។ ការលើកឡើងរិះគន់នេះ ដោយសារ​អវត្តមានរបស់អតីតគណបក្សសង្រ្គោះជាតិ។

ឯកឧត្តម ផៃ ស៊ីផាន បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ថា “ចម្លើយរបស់ខ្ញុំតបនឹង​ប្រតិកម្មរបស់បរទេស ដែលជាអតីតអាណានិគមមកលើកម្ពុជា ក៏ដូចជាក្រុមដែលតាំងខ្លួន​ជាពូជសាសន៍ដែលមានឧត្តមភាព ឬចក្រព័ត្តនិយម ដែលតែងតែជ្រៀតជ្រែកសម្រេច​ជោគវាសនាជំនួសប្រជាពលរដ្ឋខ្មែរ” ។

ឯកឧត្តម បន្តថា ចង្អុលដៃប្រឡាក់ទឹកខ្មៅ​របស់ពលរដ្ឋចេញទៅបោះឆ្នោត​មានជាង៨០ភាគរយ ក្នុងអាណត្តិនេះ ដែលជាសារនៃការសម្រេចចិត្ត ប្រកបដោយការទទួលខុស ត្រូវជោគវាសនា របស់ប្រទេសជាតិ ដោយពលរដ្ឋខ្លួនឯងផ្ទាល់។

ឯកឧត្តម ផៃ ស៊ីផាន បន្ថែមថា ពលរដ្ឋខ្មែរមិនញញឹត និងកោតខ្លាចចំពោះការដាកសម្ពាធ ឬឧបសគ្គទាំងឡាយណា ដែលបង្កតាមរយៈការ ចង់បំផ្លាញសិទ្ធិម្ចាស់ស្រុក ឬម្ចាស់អំណាច តាមការបោះឆ្នោតសកលនោះទេ។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបន្តថា លទ្ធផលនៃការបោះឆ្នោត គឺជាការគាំទ្រនិងជឿជាក់ ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាព និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា(ប្រ.ជ) ។ ជារួមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានកើតចេញពី ការ បោះឆ្នោតស្របច្បាប់។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការបោះឆ្នោតសកលលើកនេះ ជាការបោះឆ្នោតបង្ហាញ នូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាកិច្ចការពារដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ដែលឈរនៅលើនីតិរដ្ឋ ឬច្បាប់ដែនដីរបស់កម្ពុជា និងឆន្ទៈរបស់មហាជន។

លោកថា បុគ្គលណា ក្រុមណា ឬប្រជាជាតិណា រួមទាំងអង្គការអន្ដរជាតិនានា ដែលបានតាំង ខ្លួនប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹង កម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ប្រទេសដែលប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា រួមមាន សហរដ្ឋអាមេរិក បារាំង និងសហភាពអឺរ៉ុប ដែលខ្លឹមសារប្រឆាំងការបោះឆ្នោត មានន័យប្រហាក់ប្រហែលគ្នា។

រដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានសហរដ្ឋអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅព្រឹកថ្ងៃ ៣០ កក្កដា បានឲ្យដឹងថា “សហរដ្ឋអាមេរិកមានការ​សោកស្តាយដែលការបោះឆ្នោតសភា នៅកម្ពុជានៅថ្ងៃទី២៩ កក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈរបស់ ប្រជាជនកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញនូវគណបក្ស ប្រឆាំង សំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាងធំបំផុត ចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយកាត់បន្ថយ យ៉ាងច្រើននូវការសំរេចបានរបស់កម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងកំណើន សេដ្ឋកិច្ច តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ មក”។

ចំពោះប្រទេសបារាំងវិញ តាមរយៈក្រសួងការបរទេសខ្លួនក៏បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ៣០ កក្កដាថា “បារាំងមានការសោកស្ដាយ​ដែលការបោះឆ្នោតនីតិបញ្ញត្តិរបស់កម្ពុជា បានធ្វើឡើងដោយគ្មានគណបក្សប្រឆាំងដ៏ធំតែមួយCNRP ដែលត្រូវបានរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលលោក កឹម សុខា ត្រូវបានជាប់គុកតាំង ពីថ្ងៃទី៣ កញ្ញា កន្លងមក”។

សម្រាប់សហភាពអឺរ៉ុបវិញ បានចេញសេចក្ដីថ្លែងការណ៍មួយដែរ កាលពីថ្ងៃទី៣០ កក្កដា ដោយបញ្ជាក់ថា “ការផាត់ចោលគណបក្សសង្គ្រោះជាតិ​ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់ ក្នុងឆាកនយោបាយ ធ្វើឲ្យការបោះឆ្នោតខ្វះការប្រកួតប្រជែងស្មោះត្រង់ និងត្រឹមត្រូវ។ ការបោះឆ្នោតបែបនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រម្ចាស់ឆ្នោត ពិតប្រាកដតាមបែប ប្រជាធិបតេយ្យនោះឡើយ។ ហេតុដូច្នេះលទ្ធផលនៃការបោះឆ្នោត គឺមិនអាចជឿ ទុកចិត្តបាន៕