ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភានឹងត្រៀមរៀបចំការបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៦ លើកដំបូងយ៉ាងយូររយៈពេល៦០ថ្ងៃ


ភ្នំពេញ ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រនីតិកាលទី៦បញ្ចប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨  អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភានឹងត្រៀមរៀបចំការបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៦ លើកដំបូងយ៉ាងយូររយៈពេល៦០ថ្ងៃប្រហែលជានៅចុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខ  ក្រោយថ្ងៃប្រកាសលទ្ធផលឆ្នោតជាផ្លូវការ។

អ្នកនាំពាក្យរដ្ឋសភាបានប្រាប់ជម្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ថា ការបោះឆ្នោតនីតិកាលទី៦នេះ ត្រូវបានបញ្ចប់ដោយរលូនគ្មានបញ្ហាអ្វីកើតឡើងទេ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានប្រកាសលទ្ធផលជាបណ្តោះអាសន្នផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង មានប្រសាសន៍ថា “យើងត្រៀមរៀបចំ ការបើកសម្ពោធរដ្ឋសភានីតិកាលទី៦ គឺយោងតាមរដ្ឋធម្មនុញ្ញមាត្រា៨២ សម័យប្រជុំដំបូងរបស់រដ្ឋសភា គឺធ្វើឡើង៦០ថ្ងៃយ៉ាងយូរ ក្រោយពីការបោះឆ្នោតតាមការអញ្ជើញរបស់ព្រះមហាក្សត្រ”។

អ្នកនាំពាក្យរដ្ឋសភាបន្ដថា ប្រសិនបើ គ.ជ.ប ប្រកាសលទ្ធជាផ្លូវការក៏នៅរង់ចាំនីតិវិធី ដែលត្រូវអនុវត្តតាមច្បាប់ជាបន្ដបន្ទាប់ទៀត ។

ឯកឧត្តមលើកឡើងទៀតថា ការងារទាំងនេះ គ.ជ.ប និងស្ថាប័នព្រះមហាក្សត្រ នឹងជូនដំណឹងនៅពេលក្រោយ។ រដ្ឋសភានឹងត្រៀមរៀបចំទទួលព្រះមហាក្សត្រក្នុងសម័យប្រជុំរដ្ឋសភាលើកដំបូងក្នុងស្មារតីខ្ពស់បំផុត ។

សូមបញ្ជាក់ថា តាមលទ្ធផលបឋមដែលចេញផ្សាយកាលពីថ្ងៃទី២៩ កក្កដា បានឲ្យដឹងថា ចំនួនពលរដ្ឋចេញទៅបោះឆ្នោតមានចំនួន៦,៨៨៥,៧២៩ នាក់ស្មើ៨២,៨៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៨,៣៨០,២១៧ នាក់ក្នុងនោះ មានគណបក្សនយោបាយចំនួន២០គណបក្សបានចូលរួមបោះឆ្នោត។

សម្រាប់សំឡេងអាសនៈក្នុងរដ្ឋសភាវិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា មិនទាន់ដឹងមានចំនួនប៉ុន្មានច្បាស់លាស់នៅឡើយទេ តែលោកគ្រាន់តែថា ត្រូវបានដឹងជាមុនរួចស្រេចហើយ គឺមានចំនួនច្រើនហួសពីអ្វីដែលរំពឹងទុក ។ លោកថា ចំពោះអាសនៈក្នុងរដ្ឋសភាទុកឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ សីហា  ហើយលទ្ធផលផ្លូវការនៅថ្ងៃទី១៥ សីហា ខាងមុខ។

សំឡេងអាសនៈក្នុងសភាវិញ ត្រូវបានមតិមួយចំនួនលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានច្រើនលើសលុប បើតាមរូបមន្តចដែលមានចែងក្នុងច្បាប់ស្តីពីអ្នកតំណាងរាស្ត្រ៕