ឯកឧត្តម សុខ ឥសាន បានអះអាងថា ពលរដ្ឋទៅបោះ ឆ្នោតមានចំនួនច្រើនជាសិទ្ធិរបស់ពួកគាត់ មិនស្ថិតនៅលើអតីតគណបក្សប្រឆាំងនោះទេ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអះអាងថា ពលរដ្ឋទៅបោះ ឆ្នោតមានចំនួនច្រើនជាសិទ្ធិរបស់ពួកគាត់ មិនស្ថិតនៅលើអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្ស ប្រឆាំងនោះទេ ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីយុទ្ធនាការមម្រាដៃស្អាត របស់ក្រុមអតីតបក្សប្រឆាំង ដែលដឹកនាំដោយ លោក សម រង្ស៊ី ត្រូវបរាជ័យក្នុងការគៀរគរពលរដ្ឋមិនឲ្យបោះឆ្នោត។ លើសពីនេះ ការលើកឡើងនេះ ក៏បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៦ ប្រព្រឹត្តិទៅដោយ រលូន គ្មានអំពើហិង្សា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែក៏មានបណ្តាប្រទេសមួយចំនួន ថ្លែង ការណ៍វាយតម្លៃថា មិនត្រឹមត្រូវ និងមិនគោរពតាម លទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ថា “ពេល ដែលអតីតបក្សប្រឆាំងត្រូវបានរំលាយ ដោយតុលាការកំពូល តាមបទល្មើសធ្ងន់ធ្ងររបស់បក្សនេះ មិនមែនមានន័យថា ប្រជាពលរដ្ឋដែលធ្លាប់គាំទ្រអតីតបក្សប្រឆាំងបាត់សិទ្ធិនយោបាយ និង សិទ្ធិពលរដ្ឋរបស់ខ្លួនឡើយ ។ បងប្អូនទាំងនោះ នៅតែជាពលរដ្ឋកម្ពុជាដដែល ហើយនៅមានសិទ្ធិ ពលរដ្ឋយ៉ាងពេញលេញ ដែលបងប្អូនបានទៅបោះឆ្នោតជាធម្មតាដូចពលរដ្ឋកម្ពុជាទូទៅដែរ ដែលធ្វើ ឲ្យចំនួនប្រជាពលរដ្ឋបានបោះឆ្នោតកើនដល់ជាង៨២ភាគរយ” ។

ឯកឧត្តម គូសបញ្ជាក់ថា  ចំនួនដ៏ច្រើននៃអ្នកទៅបោះឆ្នោតសបញ្ជាក់ថា ពលរដ្ឋដែលធ្លាប់គាំទ្រអតីត បក្សប្រឆាំង បានចូលរួមបោះឆ្នោត ដោយបោះបង់ចោលអតីតបក្ស ប្រឆាំងដោយសារតែអតីត បក្សប្រឆាំងនេះ បានធ្វើនយោបាយបំផ្លិចបំផ្លាញផលប្រ យោជន៍ជាតិ និងប្រជាជនកម្ពុជា ឥតឈប់ ឈរធ្វើឲ្យអស់ជំនឿ ដូច្នេះសិទ្ធិបោះឆ្នោត ស្ថិតនៅលើពលរដ្ឋ មិនមែនស្ថិតនៅលើអតីតបក្សប្រឆាំង នោះទេ ។

ទោះបីជាអ្នកនាំពាក្យគណបក្សកាន់ អំណាចអះអាងយ៉ាងណាក្តី ក៏ការបោះឆ្នោតអាណត្តិទី៦ ត្រូវបាន បណ្តាប្រទេសមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ វាយតម្លៃថាមិនមានភាពត្រឹមត្រូវនោះទេ ព្រោះ អត់មានការចូលរួមពីគណបក្សប្រឆាំង ដែលត្រូវតុលាការរំលាយចោលកាលពីចុងឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ដដែល ក៏ទទូចឲ្យរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបក្សប្រឆាំងរស់រានឡើងវិញ   ព្រមទាំង ដោះលែងប្រធានគណបក្សលោក កឹម សុខា ឲ្យមានសេរីភាពឡើវិញ និងអ្នកដែលកំពុងជាប់ពន្ធនាគារ ផ្សេងរបស់អតីតបក្សប្រឆាំងផងដែរ ៕