ឯកឧត្តមផៃ ស៊ីផាន បានលើកឡើងថា មូលហេតុដែលសហរដ្ឋអាមេរិក សម្តែងការខកចិត្ត ចំពោះការ បោះឆ្នោតនៅកម្ពុជា ដោយសារតែអវត្តមាន គណបក្សសង្រ្គោះជាតិ ដែលជាបក្ស មួយអាយ៉ង និងគាំទ្រអាមេរិក


ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង ជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមផៃ ស៊ីផាន បានលើកឡើងថា មូលហេតុដែលសហរដ្ឋអាមេរិក សម្តែងការខកចិត្ត ចំពោះការ បោះឆ្នោតនៅកម្ពុជា ដោយសារតែអវត្តមាន គណបក្សសង្រ្គោះជាតិ (CNRP) ដែលជាបក្ស មួយអាយ៉ង និងគាំទ្រអាមេរិកយ៉ាងខ្លាំង។

ការលើកឡើងរបស់ឯកឧត្តម ផៃ ស៊ីផាន បន្ទាប់ពីរដ្ឋមន្រ្តីទទួល បន្ទុកព័ត៌មានអាមេរិក បានសម្តែង ការសោកស្តាយដែលការបោះឆ្នោត សភា នៅកម្ពុជានៅថ្ងៃទី២៩ កក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាង ឲ្យឆន្ទៈរបស់ប្រជាជនកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញ នូវគណបក្សប្រឆាំងសំខាន់ ជាងគេនៅកម្ពុជា។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៨ថា “ខ្ញុំមិននិយាយឲ្យស៊ីជំរៅ ខ្ញុំដឹងថាជាការខកចិត្តរបស់សហរដ្ឋ អាមេរិក ដោយពុំមានវត្តមានគណបក្សអាយ៉ង(CNRP)របស់គេចូលរួម។ ការសម្រេច ចិត្តរបស់ ពលរដ្ឋ៨០ភាគរយហ្នឹង គេអត់ត្រូវការគណបក្សអាយ៉ង់នោះទេ”។

លោកបានបន្តថា ប្រជាពលរដ្ឋខ្មែរ៨០ភាគរយ បានចេញទៅបោះឆ្នោតនេះ ជាសារមួយ ផ្ញើទៅអាមេរិកថា ពលរដ្ឋខ្មែរបានឲ្យតម្លៃខ្ពស់ លើការសម្រេចចិត្ត ដោយខ្លួនឯង មិនមានការចាប់បង្ខំពីអ្នកណាម្នាក់ ដែលនេះគេហៅថា សិទ្ធិជាម្ចាស់ការក្នុង ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា បើប្រៀបធៀបពលរដ្ឋខ្មែរទៅបោះឆ្នោត និងពលរដ្ឋអាមេរិក ទៅបោះឆ្នោតកាលពីជំនាន់ លោក ដូណាល់ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិក មាន ចំនួនខុសគ្នា គឺពលរដ្ឋកម្ពុជាទៅបោះឆ្នោតច្រើនជាងចំនួនពលរដ្ឋអាមេរិក ដោយកម្ពុជា មានអាត្រាពលរដ្ឋទៅបោះឆ្នោត៨០ភាគរយ ចំណែកអាមេរិកវិញ មានចំនួនពលរដ្ឋ ទៅបោះឆ្នោតត្រឹមតែ៥៣ភាគរយប៉ុណ្ណោះ៕