ឯកឧត្តម សុខ ឥសាន បានចំអកទៅក្រុមអតីត គណបក្សប្រឆាំងថា ការធ្វើយុទ្ធនាការ ម្រាមដៃស្អាតត្រូវបានបរាជ័យគ្មាន អ្វីប្រៀបផ្ទឹម


ភ្នំពេញ៖អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានចំអកទៅក្រុមអតីត គណបក្សប្រឆាំងថា ការធ្វើយុទ្ធនាការ ម្រាមដៃស្អាតដែល ផ្តួចផ្តើមដោយលោក សម រង្ស៊ី អតីតមេបក្សសង្រ្គោះជាតិ នៅក្នុងថ្ងៃបោះឆ្នោត ត្រូវបានបរាជ័យគ្មាន អ្វីប្រៀបផ្ទឹម គឺសាបដូចទឹកទន្លេ។

ការលើករបស់មន្ត្រីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជានេះ បន្ទាប់ពីឃើញលទ្ធផលអ្នកទៅបោះឆ្នោតអាណត្តិទី៦ មានចំនួនច្រើនលើសលុបហួសពីការស្មានទុក ។

ចំនួនអ្នកទៅបោះឆ្នោតនេះ ត្រូវបានលោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ថា ជាការជោគជ័យដ៏ត្រចះត្រចង់ របស់ប្រជាជនកម្ពុជា និងជាការបរាជ័យយ៉ាង អាម៉ាស់របស់ពួកប្រឆាំង ឧទ្ទាមក្រៅច្បាប់។

ឯកឧត្តមបញ្ជាក់ថា ប្រជាជនកម្ពុជាដ៏ច្រើនលើសលុប បានសម្រេចឆន្ទៈរបស់ខ្លួន ក្នុងនាមជាម្ចាស់ជោគវាសនា និងអនាគតរបស់ប្រទេស ជាតិ និងជីវភាពរស់នៅប្រកបដោយក្តីសង្ឃឹម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ធានាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាគុណប្រយោជន៍ មាតុភូមិកម្ពុជា និងវិបុលភាព នៃជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាទូទាំងប្រទេស សមស្របតាមឧត្តមគតិ និងទិសដៅ នៃកម្មវិធីនយោបាយ របស់គណបក្ស ។

ឯកឧត្តម សង្កត់ធ្ងន់ដោយចំអកទៅកាន់លោក សម រង្ស៊ី ដែលមេក្លោងបង្កើតយុទ្ធនាការ ម្រាមដៃស្អាតយ៉ាងដូច្នេះថា “ផ្ទុយទៅវិញពួកខ្មែរ ក្បត់ជាតិមួយក្រុម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ បានទទួលបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត រកអ្វីប្រៀបផ្ទឹមមិនបាន ។  របស់ដែលហៅថា យុទ្ធនាការម្រាមដៃស្អាតរបស់ពួកគេសាប ដូចទឹកទន្លេ ដែលគ្មានប្រជាជនកម្ពុជាណាម្នាក់ យកចិត្តទុកដាក់ និងធ្វើតាមឡើយ” ៕