មន្ត្រីជំនាញ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃ ការងារសាងសង់ឡើងវិញទំនប់អាងទឹកតាកុយ (ជំហានទី ៣)


ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៨ នេះ មន្ត្រីជំនាញ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃ ការងារសាងសង់ឡើងវិញទំនប់អាងទឹកតាកុយ (ជំហានទី ៣) ស្ថិតក្នុងខេត្តកំពង់ចាម ។

គួររំលឹកជូនថា ការសាងសង់ឡើងវិញទំនប់អាងទឹក តាកុយ (ជំហានទី ៣) ដែលជាអាងស្តុកទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង ស្ថិតភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការអនុវត្ត កាលពីដើមឆ្នាំ ២០១៨ កន្លងទៅ ។ ការងារដែលត្រូវអនុវត្តនៅក្នុងជំហានទី ៣ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ២.៨០០ ម, ចាក់បេតុងជើងទេរទំនប់ ប្រវែង ២.០០០ ម និងសាងសង់សំណង់លូមូល (ទ្វារ១) ចំនួន ០៣ កន្លែង ។ នៅពេលបញ្ចប់ការដ្ឋានជំហានទី ៣ នេះ អាងទឹក តាកុយ នឹងផ្តល់ទឹកស្រោចស្រពបន្ថែមដល់ផ្ទៃដីដំណាំស្រូវប្រាំងប្រមាណ ២១៥ ហិកតា និងដំណាំរួមផ្សំ ១៥ ហិកតា នៅក្នុងឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ។