ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា លោក សម រង្ស៊ី ខ្លួនឯងទេ ដែលជាអ្នកគិតខុសដែលបាន ចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន កំពុងតែគិតខុស


ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ ខ្លួនឯងទេ ដែលជាអ្នកគិតខុសដែលបាន ចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន កំពុងតែគិត ខុសដែលបានតែងតាំង មន្រ្តីគណបក្សទាំង១៩ ជាទីប្រឹក្សារាជរដ្ឋាភិបាលថ្មី។

កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ បានអញ្ជើញបក្សទាំង១៩ចូលរួមប្រជុំជាមួយសម្ដេច ដែលជាជំនួបដំបូងមិនធ្លាប់ មានពីមុន ដើម្បីឲ្យគណបក្សទាំង១៩ បានពិគ្រោះយោលបល់ ហើយសម្ដេចក៏បានប្រកាសតែងតាំងគណបក្ស ដែលបានចូលរួម ប្រជុំឲ្យធ្វើទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្រ្តី ។

ក្រោយពីការប្រកាស របស់សម្តេចតេជោ លោក សម រង្ស៊ី បានលើកឡើង តាមបណ្ដាញទំនាក់ទំនង ហ្វេសប៊ុករបស់លោកនៅថ្ងៃ២១ សីហាថា “សម្តេចហ៊ុន សែន គិតខុសពេលគាត់នឹកឃើញ តែងតាំង មនុស្សមកពីគណបក្សអំពិលអំពែកទាំង ១៩ឲ្យធ្វើជារដ្ឋមន្ត្រី អាយ៉ង ក្នុងរដ្ឋាភិបាលថ្មីរបស់គាត់ដែលគ្មានភាពស្របច្បាប់ទេ បន្ទាប់ពីការបោះឆ្នោតក្លែងក្លាយ ថ្ងៃ២៩ កក្កដា កន្លងទៅនេះ”។

ឯកឧត្តមថា សម្ដេចតែងតាំងមនុស្ស ដែលមកពី គណបក្សផេ្សងៗឲ្យធ្វើជាទីប្រឹក្សា រាជរដ្ឋាភិបាលអាណត្តិថ្មី ព្រោះបក្សទាំង១៩ ជាបក្សអំពិលអំពែក និងជាអាយ៉ងរបស់បក្សកាន់អំណាចសព្វថ្ងៃ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃ២២ សីហា ថា “អ្នកគិតខុសគឺសម រង្ស៊ីហ្នឹងហើយ រត់ចោលស្រុកហើយ អ្វីដែលជាការគិតខុសរបស់ សម រង្ស៊ី ដែលប្រឆាំង ពីការអបអសាទរពីសំណាក់ ប្រជាពលរដ្ឋខ្មែរភាគច្រើន” ។

ឯកឧត្តមបន្តថា គណបក្សដែលបានមកចូលរួម ប្រជុំជាមួយសម្ដេច គឺបានបង្កើតជាថ្នាលខ្មែរ និងបម្រើប្រយោជន៍របស់ខ្មែរ ដោយមិនបម្រើបរទេសខុសពីអតីតបក្សប្រឆាំងដែលនាំគ្នាបម្រើតែបរទេស ភ្លេចជាតិសាសន៍ខ្លួនឯង។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមថា ក្នុងកិច្ចប្រជុំជាមួយគណបក្សនយោបាយមិនបានទទួល អាសនៈកាលពីថ្ងៃទី២១ សីហា បានលើកយកប្រធានបទមួយ មានចំណងជើងថា “យើងជាខ្មែររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាការពារ ផលប្រយោជន៍ ខ្មែរជាអាទិភាព “ ។

ឯកឧត្តមថា ទាំងនេះហើយដែល មានសារៈសំខាន់មួយមិនអាចកាត់ថ្លៃបានឡើយ ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា លោក សម រង្ស៊ី ជាមនុស្សល្ងង់ដែលមិនយល់ ពីសារៈសំខាន់របស់ជាតិ ក្រៅតែពី ការប្រឆាំងផ្កាបមុខ បម្រើផលប្រយោជន៍បរទេស មកផ្ដួលរំលំប្រទេស ខ្លួនឯង មិនដែលស្គាល់ឆន្ទៈមហាជន តាមរយៈសន្លឹកឆ្នោតរាល់លើក ។

សម្រាប់ការតែងតាំងជាទីប្រឹក្សា រាជរដ្ឋាភិបាល ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ប្រកាសជំហរថា លោកមិនចាយថវិកាដែលបាន មកពីការធ្វើជាទីប្រឹក្សា រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែយកទៅបរិច្ចាគផ្នែក សប្បុរសធម៌វិញ។

លោកបញ្ជាក់ថា “ខ្ញុំពេជ្រ ស្រស់ សូមប្រកាសជាសាធារណៈថា បើសិនជាខ្ញុំទទួលបាន ប្រាក់ខែតាមមុខងារជាស្ថាពរនោះ ខ្ញុំនឹងយក ប្រាក់ខែ នៃខ្ញុំផ្ទាល់នេះ ទៅបែងចែកជូនដល់ដូចជា៖១. ប្រាក់ខែ៣០% លើចំនួនសរុបនឹងជូនដល់កីឡាករគុន ខែ្មរដែលពួកគាត់ ជួបនូវទុក្ខ និងរង របួសធ្ងន់ពីការប្រកួត , ២. ប្រាក់ខែ៣៥% លើចំនួនសរុបនឹងជូន មន្ទីរពេទ្យគន្ធបុប្ផា និង៣.ប្រាក់ខែ៣៥% លើចំនួន សរុបនឹងជូនដល់ចាស់ៗ ជរាដែលគ្មានទីពឹង និងមានជីវភាពក្រីក្រលំ បាកនៅតាមទីជនបទ”៕