ការកែលម្អគុណភាពសេវាសុខាភិបាល គឺជាការអភិវឌ្ឍន៍វិស័យសុខាភិបាលសម្រាប់ប្រទេសជាតិក្នុងការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល


 

(ធ្វើបន្តទៀតហើយ)៖ ការកែលម្អគុណភាពសេវាសុខាភិបាល គឺជាការអភិវឌ្ឍន៍វិស័យសុខាភិបាលសម្រាប់ប្រទេសជាតិក្នុងការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៖ ការថ្លែងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ១១កើត ខែសា្រពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពីការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត លូ យុនហ្គ័រ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានសិក្ខាកាមចូលរួមទាំងអស់ប្រហែលជា៨០នាក់ មកពីមណ្ឌលសុខភាព និងស្រុកប្រតិបត្តិ នៃខេត្តកំពង់ធំ កំពត និងកំពង់ស្ពឺ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានពាក់ព័ន្ធ និងបុគ្គលិកអង្គការសុខភាពពិភពលោក។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានលើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងបុគ្គលិកមណ្ឌលសុខភាពទាំងអស់ ការផ្តួចផ្តើមគំនិតក្នុងការកែលម្អគុណភាពសេវាសុខាភិបាលនៅថ្នាក់មណ្ឌលសុខភាព ត្រូវបានអនុវត្តសម្រេចបានដោយជោគជ័យក្នុងឆ្នាំកន្លងទៅនេះ និងមានការរៀនសូត្រដកស្រង់បទពិសោធន៍ដើម្បីបន្តការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលជាបន្តបន្ទាប់ទៀត។ ដូច្នេះ លោកជំទាវ ក៏ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំនិងបុគ្គលិកមណ្ឌលសុខភាពទាំងអស់ក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលរាជថានី-ខេត្ត ដោយមានការចង្អុលបង្ហាញនិងគាំទ្រពីឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអនុវត្តកិច្ចការកែលម្អគុណភាពសេវាសុខាភិបាលប្រកបដោយជោគជ័យក្នុងឆ្នាំកន្លងទៅនេះ។

លោកជំទាវបន្ថែមថា៖ យើងមានមោទនភាពណាស់ចំពោះការរីកចម្រើនដែលយើងបានធ្វើរួមគ្នានៅក្នុងប្រទេសកម្ពុជាលើវិស័យសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ដ្រសុខាភិបាលជំហានទី៣ ដែលជាចក្ខុវិស័យសម្រាប់ការគ្រប ដណ្តប់សុខភាពជាសកល ឬហៅជាភាសាអង់គ្លេសថា Universal Health Coverage “UHC” (មានន័យថា គ្រប់ៗគ្នាអាចទទួលបាននូវសេវាសុខភាពដែលមានគុណភាពល្អ នៅពេលដែលពួកគេត្រូវការ ដោយមិនមានរបាំងហិរញ្ញវត្ថុ) លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងនិងផ្តាំផ្ញើសិក្ខាកាមទាំងអស់ឲ្យចងចាំនូវ ៣ ពាក្យយ៉ាងសាមញ្ញបំផុត គឺ ពង្រឹង ពង្រីក និង បង្កើន ។
១. ពង្រឹង មានន័យថា ពង្រឹងគុណភាពសេវា ជាពិសេសការថែទាំសុខភាពបឋមនៅថ្នាក់មណ្ឌលសុខភាព។ត្រូវពង្រឹងការកែលម្អគុណភាពសេវានៃប្រព័ន្ធសុខាភិបាលកុំឲ្យថមថយឲ្យសោះ។ កន្លងមកយើងបានអនុវត្តនូវការងារកែលម្អគុណភាពនេះបានយ៉ាងល្អប្រសើរ ហើយជាមួយនឹងគំនិតផ្តួចផ្តើមថ្មីក្នុងវគ្គនេះសម្រាប់សិក្ខាសាលា៣ថ្ងៃនេះ យើងនឹងបន្តធ្វើការងារនេះបន្ថែមទៀត។
២. ពង្រីក មានន័យថា ពង្រីកសេវាបន្ថែមពីសេវាសុខាភិបាលដែលមានស្រាប់ ឲ្យមានសេវាបន្ថែមនីតាមមណ្ឌលសុខភាពដូចជាករណីជំងឺមិនឆ្លងជាដើម។ កន្លងមកយើងទទួលបានជោគជ័យក្នុងការផ្តល់សេវាសុខភាពមាតានិងទារក និងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែឥឡូវនេះយើងជួបប្រទះនឹងបញ្ហាប្រឈមកាន់តែខ្លាំងឡើងជាមួយនឹងជំងឺមិនឆ្លង ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងលើសជាតិខ្លាញ់ ជាដើម។ វាសំខាន់ណាស់ដែលយើងត្រូវព្យាយាមក្នុងការផ្តល់សេវាសម្រាប់ជំងឺទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមលើសេវាដែលយើងកំពុងតែធ្វើ និងរិតតែធ្វើឲ្យបានច្រើននិងល្អថែមទៀត។
៣. បង្កើន មានន័យថា បង្កើនធនធានមនុស្ស សមត្ថភាព សំភារៈបរិក្ខា និងថវិកា ជាពិសេស បង្កើនការចូលរួមប្រើប្រាស់សេវាសុខាភិបាលពីសហគមន៍។ យើងត្រូវអភិវឌ្ឍមណ្ឌលសុខភាពឲ្យសមស្របតាមតម្រូវការនៃការថែទាំសុខភាពបឋមសម្រាប់សហគមន៍។ ចំពោះការបង្កើនធនធានមនុស្ស លោកជំទាវមានទស្សនៈវិស័យដើម្បីឲ្យមានវេជ្ជបណ្ឌិតម្នាក់នៅបម្រើការតាមមណ្ឌលសុខភាពនីមួយៗ តែវាទាមទារពេលវេលាក្នុងការសម្រេចបាននូវទស្សនៈវិស័យនេះ។

បន្ថែមលើនេះ លោកជំទាវគ្គនាយកបច្ចេកទេសសុខាភិបាល បានជម្រុញនិងស្នើសុំឲ្យអង្គការសុខភាពពិភពលោកជួយអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់កត់ត្រាព័ត៌មានរបស់អ្នកជំងឺនងរដ្ឋបាលផ្សេងៗទៀតដោយប្រើប្រាស់កុំព្យូទ័រនៅតាមមណ្ឌលសុខភាពដែលបានជ្រើសរើសមកចូលរួមសិក្ខាសាលានាថ្ងៃនេះចំនួន៤៥មណ្ឌលសុខភាពមកពីពីខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តកំពត និងខេត្តកំពង់ស្ពឺ។

ជាទីបញ្ចប់ លោកជំទាវបានជម្រុញឲ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវឱកាសបីថ្ងៃនេះដើម្បីអភិវឌ្ឍផែនការមួយដ៏រឹងមាំ និងជាក់ស្តែង ដើម្បីយកទៅអនុវត្តកែលម្អគុណភាពនៅក្នុងមណ្ឌលសុខភាពរបស់ខ្លួនបន្ថែមទៀតសំដៅបង្កើនល្បើនឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលការអនុវត្តន៍នេះ មានការជ្រើសរើសមណ្ឌលសុខភាពរួមគ្នាជាមួយអង្គការសុខភាពពិភពលោកដែលជាអ្នកគាំទ្រទាំងបច្ចេកទេសនិងថវិកា។ លោកជំទាវជូនពរសិក្ខាកាមទាំងអស់ឲ្យទទួលបាននូវសិក្ខាសាលាមួយប្រកបដោយផ្លែផ្កា និងជោគជ័យ និងបានប្រកាសបើកអង្គសិក្ខាសាលាស្តីពីការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

គួរកត់សម្គាល់ថា លោកវេជ្ជបណ្ឌិត លូ យុនហ្គ័រ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបើកវគ្គនេះផងដែរថា លោកមានការកោតសរសើរដល់ក្រសួងសុខាភិបាលកម្ពុជា ដែលបានដឹកនាំវិស័យមួយនេះមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដូចជាបានកាត់បន្ថយនូវអត្រាមរណភាពមាតានិងទារក ការលុបបំបាត់បាននូវជំងឺតេតាណូស ជំងឺកញ្ជិល ជំងឺព្រូនជើងដំរី ជំងឺភ្នែកឡើងបាយ និងជំងឺជាច្រើនទៀត ហើយការអនុវត្តន៍ការគាំពារសុខភាពសំដៅទៅការគ្របដណ្តប់សុខភាពជាសកល ក៏កំពុងតែមានចំណាប់អារម្មណ័ខ្លាំងក្នុងដំណោះរឆ្ពោះទៅកាន់ទិសដៅបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល ព្រមទាំងចំណាប់អារម្មណ៍របស់អង្គការសុខភាពពិភពលោកដែលឈានទៅដល់ការផ្តល់ថវិកាមួយចំនួនសម្រាប់អនុវត្តកម្មវិធីដែលនឹងពិភាគ្សាគ្នាលម្អិតនៅក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ហើយយកទៅអនុវត្តនៅតាមមណ្ឌលសុខភាពដែលបានជ្រើសរើសរួមគ្នាជាមួយក្រសួងសុខាភិបាលសម្រាប់អនុវត្តគម្រោងបង្កើនការកែលម្អគុណភាពសេវាសុខាភិបាលនេះ។ លោកតំណាងអង្គការសុខភាពពិភពលោក ក៏បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់លោកក្នុងការជួយជ្រោមជ្រែងឲ្យដំណើរការគម្រោងមួយនេះប្រព្រឹត្តទៅតាមផែនការដែលនឹងដាក់ចេញក្រោយពីអង្គសិក្ខាសាលានេះត្រូវបានបញ្ចប់ក្នុងពេល៣ថ្ងៃខាងមុខ។