ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា ព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋា ភិបាលនីតិកាលទី៦


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំង សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនីតិកាលទី៦ថ្មី ដើម្បី ដឹកនាំប្រទេសកម្ពុជាបន្តទៀត ធ្វើទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា។

ការថ្លែងរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិទី៦ ក្រោយពីការប្រកាសលទ្ធផលជាផ្លូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិទី៦ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទទួលបានការកាន់កាប់អាសនៈ ក្នុង រដ្ឋសភាទាំងអស់ ដែលមានចំនួន១២៥អាសនៈ។ ដែលការចេញព្រះរាជក្រឹត្យចាត់តាំងនេះ បានធ្វើឲ្យ មានការងឿយឆ្ងល់ពីសាធារណៈជនជាច្រើន។

យោងតាមបណ្ដាញទំនាក់ទំនង តេឡេក្រាម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា ព្រះរាជក្រឹត្យចាត់តាំងសម្តេចតេជោជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋា ភិបាលនីតិកាលទី៦។ យោងតាមខ្លឹមសារនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាដំណើរការជាប្រក្រតី នៃស្ថាប័នជាតិត្រង់វាក្យខណ្ឌទី២ នៃមាត្រា៤ ។

ឯកឧត្តមបន្តថា “ដូច្នេះការដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់ព្រះរាជទាន ព្រះរាជក្រឹត្យ ចាត់តាំងសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដើម្បីរៀបចំ សមាសភាព រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភាជាតិ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា រាល់ការមានមតិទាំងឡាយ ដែលផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញមិនអាច យកជាការបានជាដាច់ខាត ។

ឯកឧត្តមបានបន្តថា ទំព័រទី១៣៨ នៃសៀវភៅរដ្ឋធម្មនុញ្ញ បានចែងថា តាមសេចក្តីស្នើពីគណបក្ស នយោបាយដែលមានចំនួនអាសនៈច្រើនជាងគេក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហា ក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ដែលឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល ។ វរជនដែលត្រូវបានចាត់តាំងនោះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលរួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់ នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។

ឯកឧត្តម សុខ ឥសាន ថា សមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយ នូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់រដ្ឋសភា ព្រមទាំង បេក្ខជន នាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត ។

ឯកឧត្តម សុខ ឥសាន ក៏បានអំពាវនាវដល់អ្នកនយោបាយ និងអ្នកវិភាគនយោបាយ សង្គមទាំងអស់ មុននឹងមានមតិត្រូវពិនិត្យមើលលើខ្លឹមសាររដ្ឋធម្មនុញ្ញឲ្យបានច្បាស់ជាមុនសិន កុំចេះតែនិយាយតាម គំនិតអត្តនោម័តរបស់ខ្លួន ឬតាមនិន្នាការលំអៀងទៅរកបក្សនយោបាយ តែម្ខាងជាការមិនត្រឹមត្រូវ ដែលនាំឲ្យសាធារណៈមតិយល់ច្រឡំ៕