សម្ព័ន្ឋសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ ជំរុញឱ្យប្រជាសហគមន៍ ការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសកសាងបំនិនជីវិត ដោយប្រែក្លាយពីការពឹងផ្អែកលើព្រៃឈើ


ក្នុងឱកាសពិធីដាំកូនឈើព្រៃចំនួន៣ម៉ឺនដើម នៅសហគមន៍តំបន់ការពារធម្មជាតិក្រាំងរងៀង និងចែកជូនកូនឈើហូបផ្លែដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ ស្ថិតក្នុងស្រុកវាលវែង នៃដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបជាមួយប្រជាសហគមន៍ អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្ស និងបានលើកឡើង លើការពង្ង្រឹងតួនាទីសមត្ថកិច្ចតំបន់ការពារធម្មជាតិ ការចូលរួមរបស់សហគមន៍តំបន់ការពារធនធានធម្មជាតិ ការអប់រំបណ្តុះបណ្តាលកសាងសមត្ថភាពនិងជំនាញវិជ្ជាជីវៈ ការបង្កើនមុខរបរកសិកម្មជូនប្រជាសហគមន៍ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា សកម្មភាពទាំងនេះ ចូលរួមលើកកម្ពស់សមត្ថភាព ពង្រឹងតួនាទី និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាបង្កើតឱកាសការងារជូនសហគមន៍ និងប្រែក្លាយជីវភាពសហគមន៍ឱ្យមានភាពអាស្រ័យយ៉ាងផ្ទាល់ទៅនឹងការចិញ្ចឹមសត្វ ការធ្វើដំណាំកសិកម្ម និងសេវាកម្មទេសចរណ៍ធម្មជាតិ ដែលមានផ្ទុកនូវតម្លៃអត្តសញ្ញាណនិងវប្បធម៌របស់សហគមន៍នីមួយៗ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការចងក្រងបង្កើតសម្ព័ន្ឋសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានផ្តួចផ្តើមឡើង ជំរុញឱ្យប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ មានកិច្ចសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយក្រសួងបរិស្ថាន ដើម្បីឧត្តមប្រយោជន៍ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ជាពិសេសកសាងបំនិនជីវិត ដោយប្រែក្លាយពីការពឹងផ្អែកលើព្រៃឈើ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្ព័ន្ឋសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ គឺជាការផ្លាស់ប្តូរយោបល់នូវអ្វីដែលជាភាពអសកម្ម និងអវិជ្ជមាន ហើយរកដំណោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្រសិទ្ឋភាព ក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសធ្វើឱ្យជីវភាពបងប្អូនប្រជាសហគមន៍កាន់តែប្រសើរឡើង ជៀសវាងការកាប់បំផ្លាញព្រៃឈើ និងចាប់សត្វព្រៃខុសច្បាប់៕