ឯកឧត្តម សុខ ឥសាន ថា “យើងមិនបោះបង់ចោលនៅឆន្ទៈប្រជាពលរដ្ឋ ក៏យើងមិនប្រមាថឆន្ទៈប្រជាពលរដ្ឋទេ


ភ្នំពេញ៖ បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតនីតិកាលទី៦រួច ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា(ប្រ.ជ) ទទួលសំឡេងទាំង១២៥អាសនៈក្នុងរដ្ឋសភា ក៏មានមតិមួយចំនួនចោទជាសំណួរថា គណបក្សប្រជាជនកម្ពុជា ចែកអាសនៈទៅគណបក្សដទៃឬទេ? អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបវិញថា គណបក្សប្រជាជនកម្ពុជា មិនបោះបង់ចោលឆន្ទៈប្រជាពលរដ្ឋឡើយ ដូច្នេះ គណបក្សមិនយកឆន្ទៈពលរដ្ឋ ទៅបែងចែកឲ្យគណបក្សដទៃនោះទេ។

កាលពីថ្ងៃទី១៥ សីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៤,៨៨៩,១១៣សំឡេង ដែលជាសំឡេងមួយក្ដោបក្ដាប់អាសនៈទាំង១២៥ក្នុងរដ្ឋសភា ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបាន៣០៩,៣៦៤សំឡេង។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា ពលរដ្ឋខ្មែរបោះឆ្នោតឲ្យប្រ.ជ ជាង៧៧% នៃពលរដ្ឋទៅបោះឆ្នោតសរុបជាង៨៣% ដូច្នេះនេះជាសិទ្ធិរបស់ប្រ.ជ ក្នុងការដឹកនាំប្រទេសដែលពលរដ្ឋបោះឆ្នោតជូន។

ឯកឧត្តមមានប្រសាសន៍ថា “យើងមិនបោះបង់ចោលនៅឆន្ទៈប្រជាពលរដ្ឋ ក៏យើងមិនប្រមាថឆន្ទៈប្រជាពលរដ្ឋទេ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែងតែ គោរពឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចយកឆន្ទៈប្រជាពលរដ្ឋ ទៅចែកឲ្យគណបក្សផ្សេង ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតគាំទ្រនោះទេ”។

ឯកឧត្តមបន្ដថា អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឆន្ទៈពលរដ្ឋប្រគល់ឲ្យ៥៥អាសនៈ ក៏ប៉ុន្ដែគណបក្សសង្គ្រោះជាតិបានប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតនីតិកាលទី៥ ឆ្នាំ២០១៣ ដូច្នេះមានន័យថា អតីតគណបក្សសង្គ្រោះជាតិប្រឆាំងឆន្ទៈពលរដ្ឋដែលលទ្ធផលនៃការប្រមាថឆន្ទៈពលរដ្ឋ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យម្នាក់ទៀត ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៦នេះគឺធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព ជូនពលរដ្ឋខ្មែរទូទាំងប្រទេស ពីព្រោះពួកគាត់ជាម្ចាស់ឆ្នោត។ រាជរដ្ឋាភិបាលនឹងរក្សាកំណើនសេដ្ឋកិច្ចជាប្រចាំ និងស្របទៅតាមអ្វីដែលសន្យាជូនពលរដ្ឋ។

លទ្ធផលបោះឆ្នោតដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលសំឡេងលើសលុបនេះគណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ចំពោះលទ្ធផលបក្សខ្លួន ប៉ុន្តែក្នុងនោះ បក្សក៏បានសម្ដែងការសោកស្ដាយចំពោះមជ្ឈដ្ឋានបរទេសមួយចំនួនដែលមិនបានចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនេះទេ ប៉ុន្ដែបែរជាប្រកាន់យកទង្វើអវិជ្ជមានដោយមូលហេតុនយោបាយ ចំពោះដំណើរការដ៏ត្រឹមត្រូវនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានវាយតម្លៃការបោះឆ្នោតនេះ គ្មានលក្ខណៈសេរី និងយុត្តិធម៌ តាំងពីមុនពេលបោះឆ្នោតរហូតមកដល់បច្ចុប្បន្ន៕