នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយ លោកប្រធានមន្ទីរធនធានទឹក លោកអភិបាលស្រុកគងពិសី បានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចុះពិនិត្យស្ថានភាពរាំងស្ងួត និងសួរសុខទុក្ខប្រជាកសិក នៅភូមិព្រៃរោង និងភូមិជង្រុក ស្រុកគងពិសី ដែលកំពុងតែគ្មានទឹកធ្វើស្រែ (ស្ទូងគោក) និងស្រោចស្រពលើដំនាំចំការ។
ឯកឧត្តមបានបញ្ជាក់ថាជាទូទៅក្នុងខេត្តកំពង់ស្ពឺ ទទួលរងនៅកូនរដូវប្រាំងក្នុងចន្លោះខែកក្កដា ដល់កញ្ញា ដែលមានរយៈពេល៦០ថ្ងៃ ទើបធ្វើឲ្យបងប្អូនប្រជាកសិករនៅទីនេះជួបបញ្ហាគ្មានទឹកប្រើប្រាស់ ។ ឯកឧត្តមក៏បានមានប្រសាសន៏បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកក៏បានដឹកក្រុមការងារដើម្បីធ្វើដោះស្រាយជូនបងប្អូនប្រជាកសិករឲ្យបានទាន់ពេល ព្រោះថាថ្នាក់ដឹកនាំនឹងមិនឈរអោបដៃមើលបងប្អូនប្រជាពលរដ្ឋជួបការលំបាកនោះទេ ព្រោះសុខទុករបស់បងប្អូនប្រជាពលរដ្ឋគឺជាសុខទុករបស់ថ្នាក់ដឹកនាំដូចគ្នា ។
ឯកឧត្តមបានជម្រុញទៅដល់មន្ទីរធនធានទឹកសហការជាមួយអាជ្ញាធរស្រុកគងពិសី ពិនិត្យមើលស្ថានភាពភូមិសាស្ត្រ សិក្សារកវិធីក្នុងការជួសជុល ស្តារប្រឡាយទឹក ពីឃុំជង្រុក មកឃុំស្នំក្រពើស្រុកគងពិសី ដើម្បីជួយបងប្អូនប្រជាកសិករឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងការបង្កបង្កើនផលដំនាំស្រូវ និងបន្លែបង្ការបស់ពួកគាត់ ឲ្យទទួលបានទិន្នផលល្អ។