សម្តេចតេជោសែន ធ្វើដំណើរទៅមណ្ឌលគីរី


HS 16 09 16 2 copy

     សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ១៥កញ្ញានេះ មុនបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តរតនគិរី។ ដំណើរទស្សនកិច្ចខេត្តភាគឥសានកម្ពុជានេះគឺជា ផ្នែកនេះដំណើរទស្សនកិច្ចចុះសាកសួរសុខទុក្ខផ្ទាល់ និងពិនិត្យជីវភាពប្រជាពលរដ្ឋជាក់ស្តែងតាមមូលដ្ឋានទូ ទាំងខេត្តនិងរាជធានីទាំង២៥។

     សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតនៃខេត្តមណ្ឌលគិរី ដែលពីមុន និងឥឡូវគឺខុសគ្នាដាច់ស្រឡះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជាច្រើន ត្រូវបានកើតឡើង ដូចជាផ្លូវជាតិលេខ៧៦ ពីមណ្ឌលគិរីទៅរតនគិរី និងទៅកាន់ទីក្រុងភ្នំពេញ ដែលពីមុនការធ្វើដំណើរពីតំបន់ឦសានប្រទេសមករាជធានី ត្រូវចំណាយពេលជាច្រើនថ្ងៃ ប៉ុន្តែពេលនេះការធ្វើដំណើរចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

     សម្ដេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកអាជ្ញាធរខេត្តគ្រប់លំដាប់ ត្រូវជំរុញការចុះឈ្មោះបោះឆ្នោតអោយបានឆាប់រហ័ស និងបានគ្រប់គ្នា។ សម្ដេចបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងផ្សារដែរថា អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវ សារាចរណែនាំផ្សារដែលបានចេញរួចហើយ អោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះចែកជូន អាជីវករតាមផ្សារនីមួយៗបន្ថែមទៀត។ សម្តេចបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ ។

     សម្តេចតេជោសែន បានជម្រុញមន្ត្រីក្រោមបង្គាប់ ត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ឋិភាព ដោយត្រូវគិតខ្លួនឯងថា មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ សម្តេចបានមានប្រសាសន៍ដាស់តឿនកងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជំរុញការប្រមូលពន្ឋអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។

     សម្តេចបានថ្លែងថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធភាព។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងកម្ពុជា និងថៃ ត្រូវចេះសហការគ្នា សម្រួលនៅតាមតំបន់ព្រំដែន ដើម្បីការពារនូវបទល្មើសផ្សេងៗ ជាពិសេសត្រូវខិតខំបង្កើន ទំនាក់ទំនងអោយបានល្អជាមួយវៀតណាម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការនាំចេញ នាំចូលនូវ ផលិតផលអោយគ្នាទៅវិញទៅមក ។

     សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាខ្វះខាត ទឹកកន្លងមក ព្រមទាំងកោតសរសើរដល់មន្ត្រីគ្រប់ ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌ខេត្តមណ្ឌលគិរី អោយកាន់តែរីកលូតលាស់ ទៅមុខ។សម្តេចតេជោសែន បានអញ្ជើញដល់ខេត្តរតនគីរីហើយ នៅវេលាល្ងាចថ្ងៃ ទី១៥កញ្ញានេះ។

HS 16 09 16 3 copy  HS 16 09 16 4 copy

HS 16 09 16 5 copy  HS 16 09 16 6 copy