ធនាគារស្រូវកម្ពុជា PLC បានប្រកាសទិញស្រូវក្រអូបពីកសិករ ក្នុងតម្លៃខ្ពស់ជាងតម្លៃឈ្មួញថៃដើរទិញ ។ សេចក្តីប្រកាសនេះ បានធ្វើឡើងក្រោយការរិះគន់របស់កសិករ ចោទលើសមត្ថភាពដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ផងដែរ ។
សេចក្តីរាយការណ៍បានអោយដឹងថា តម្លៃស្រូវនៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យជាដើម បាន ធ្លាក់ចុះជាខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រាដែលប្រជាកសិករកំពុង ប្រមូលផលស្រូវដើមរដូវ ។ តម្លៃស្រូវក្រអូបជាង ១ពាន់រៀលអំឡុងខែកក្កដា បានធ្លាក់មកនៅក្រោម ៨០០រៀល នាពេលចុងក្រោយនេះដែល នាំឲ្យកសិករមានការបារម្ភជាខ្លាំង។
នៅថ្ងៃ១៥ ខែកញ្ញានេះ ធនាគារស្រូវកម្ពុជា PLC ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រកាសឲ្យប្រជាពលរដ្ឋឈប់លក់ស្រូវសែនក្រអូបសើម ក្នុងតម្លៃក្រោម ៨៤០រៀល ឬ៧បាតក្នុងមួយ គីឡូក្រាមទៀត ដោយធនាគារនឹងទិញស្រូវសែនក្រអូបសើមក្នុងតម្លៃក្រោម ៨៤០រៀល ឬ៧បាត ក្នុង១គីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែ។ ធនាគារក៍បានប្រកាសទិញស្រូវសែនក្រអូបសើម ក្នុងតម្លៃ ៩០០រៀល ឬ៧បាតកន្លះ ក្នុង១គីឡូក្រាមពីកសិករ ពេលដឹកដល់ទីតាំងក្រុមហ៊ុន ធនាគារស្រូវ ស្ថិតនៅ ផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សេចក្តីប្រកាសធនាគារដដែល បានអោយដឹងទៀតថាចំពោះប្រ ជាកសិករដែលមិនទាន់ចង់លក់ស្រូវ គឺអាចដឹកស្រូវមកសម្ងួត និងផ្ញើទុកនៅ ធនាគារស្រូវបាន។ ធនាគារនៅបានប្រកាសផ្ដល់ប្រាក់កម្ចី ៧០ភាគរយដល់រោងម៉ាស៊ីនកិនស្រូវ ដែលយកស្រូវមកបញ្ចាំផងដែរ។ ជាមួយគ្នានោះផងដែរ ធនាគារស្រូវក៍បានប្រកាសជួយទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវណា ដែលហ៊ានទិញ ស្រូវសែនក្រអូបសើមពីប្រជាកសិករក្នុងតម្លៃចាប់ពី៨៤០រៀលក្នុងមួយគីឡូក្រាមឡើងទៅ សម្រាប់ទុកនាំចេញ ទៅលក់នៅក្រៅប្រទេស។
វិធានការខាងលើនោះ ត្រូវគេបញ្ជាក់ថា ចាប់អនុវត្តពីថ្ងៃ១៥ ខែកញ្ញាតទៅ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ វិធានការរបស់ធនាគារស្រូវកម្ពុជានាពេលនេះ ត្រូវគេបញ្ជាក់ថា បានធ្វើឡើងដោយមានការគាំទ្រពីហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុប្បន្ននេះ។ វិធានការណ៍ នេះផងទៀត ក៏ស្របនឹងរដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានសុំអភ័យទោស ចំពោះការដោះស្រាយមិនទាន់ នូវកង្វល់ទាក់ទងនឹងក្រុមឈ្មួញ ដែលបន្ទាបតម្លៃកសិផល ដែលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃនេះទៀតផងដែរ ។