កម្ពុជាប្តេជ្ញាការពារស្រទាប់អូហ្សូន


Ozone 16 09 16 2 copy

     កម្ពុជាប្រារព្ធទិវាអន្តរជាតិ ស្តីពីកិច្ចការពារស្រទាប់អូហ្សូន នៅថ្ងៃទី១៦ ខែកញ្ញានេះ ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ក្នុងសារលិខិតអបអរក្នុងទិវានេះ បានមានប្រសាសន៍ប្តេជ្ញាក្នុងការទប់ស្កាត់ និង លុបបំបាត់ការប្រើប្រាស់សារធាតុគីមី បំផ្លាញស្រទាប់អូហ្សូន ដើម្បីធានានិរន្តភាពបរិស្ថាន និងភាពសុខដុមរមនា របស់មនុស្ស សត្វ និងរុក្ខជាតិ។ ទិវាអន្តរជាតិស្តីពីកិច្ចការពារស្រទាប់អូហ្សូនឆ្នាំ២០១៦នេះ ធ្វើឡើងក្រោម ប្រធានបទ «អូហ្សូន និងអាកាសធាតុ៖ ត្រូវបានស្តារឡើងវិញ នៅពេលដែលពិភពលោកមានការរួបរួមគ្នា»។

     សារលិខិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានសរសេរថា ក្នុងនាមរដ្ឋភាគី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយរាជរដ្ឋាភិបាលក៏បាននឹងកំពុងអនុវត្ត ផែនការគ្រប់គ្រងការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ស្របតាមផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន របស់ពិធីសារម៉ុងរ៉េអាល់ផងដែរ។

     រដ្ឋមន្រ្តីក្រសូងបរិស្ថានបញ្ជាក់ថា ការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ក៏ដូចជាជួយដល់ការទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន និងការកាត់បន្ថយការកើនឡើងនូវកំដៅភពផែនដី។

     តាមរយៈកិច្ចខិតខំប្រឹងប្រឹងរួមគ្នាជាសាកល ក្នុងការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន គេមានជំនឿថា ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់មករកភាពប្រក្រតីវិញ នៅពាក់កណ្តាលសតវត្សទី២១ នេះ។

Ozone 16 09 16 3 copy

Ozone 16 09 16 4 copy

Ozone 16 09 16 5 copy