មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ សីហា និងលើកទិសដៅបន្ត ខែកញ្ញា


នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ សីហា និងលើកទិសដៅបន្ត ខែកញ្ញា ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ, លោកប្រធាន អនុប្រធានការិយាល័យជំនាញ, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង/ស្រុក, ក្រុមការងារចុះបញ្ជីដីធ្លីនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ព្រមទាំងមន្ត្រីរាជការនៃមន្ទីរ សរុបចំនួន ២៦ នាក់ ស្រី ០៥ នាក់ ។ លោកប្រធានមន្ទីរ បានធ្វើការណែនាំដល់ការិយាល័យជំនាញ ព្រមទាំងការិយាល័យក្រុង/ស្រុកទាំង ៨ នូវលិខិតមួយចំនួនដូចខាងក្រោម៖

ក- លិខិតលេខ ១៨៩៧ ដនស/អរប ចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបញ្ចូលឱ្យដំណើរការតាមយន្តការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ។

ខ- លិខិតលេខ ២០១៧ ដនស/អសដភ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុអនុលោមតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ។

គ- លិខិតលេខ ១៩៧៤ ដនស/អសដភ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីតម្រូវការនៃគំនូសប្លង់ទីតាំងដី សម្រាប់បំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ។

ឃ- លិខិតលេខ ២០១៨ ដនស/អសដភ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីវិធានការថែរក្សា និងការពារបង្គោលប្រឹថពីវិភាគគ្រប់ប្រភេទដែលបានកសាងរួច ។

ង- លិខិតលេខ ០៣៩ សសរ ចុះថ្ងៃទី ០៦ ខែមិថុនា ស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិការ ។

ច- លិខិតលេខ ១៩៣០ ដនស/គដនជ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ស្ដីអំពីការកំណត់កម្ពស់ជាន់នីមួយៗនៃអគាររោងចក្រវាយនភណ្ឌ ៕