សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ សម្រាប់ឆ្នាំ២០១៧-២០១៨ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍សរុបប្រមាណ ៤០០រូប ដើម្បីអបអរសាទរដល់ភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលក្រសួងទេសចរណ៍ បានផ្ដល់សញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ដល់សិស្សសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ុលចំនួន ២៥០រូប ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលតាមយន្តការអាស៊ាន។
ក្នុងចំណោមសិស្សសិក្ខាកាមទាំងនេះរួមមាន យុវជនដែលធ្លាប់ជាពលករចំណាកស្រុកក្រៅប្រទេស យុវជនដែលមានបំណងទៅធ្វើជាពលករនៅក្រៅប្រទេស អ្នកគ្រប់គ្រងតាមសណ្ឋាគារ ដែលមកសិក្សាបន្ត (Continuous Training) និងយុវជនក្មេងៗទើបចូលសិក្សាដំបូង (Initial Training )។
ក្រសួងទេសចរណ៍កម្ពុជាបានការគាំទ្រពីលេខាធិការដ្ឋានអាស៊ានដាក់អនុវត្តកម្មវិធីសិក្សាអាស៊ានខាងលើមុនគេ ក្នុងក្របខណ្ឌនៃកិច្ចសហការទេសចរណ៍អាស៊ាន ហើយកម្ពុជានឹងចែករំលែកភាពយោគជ័យទាំងនេះទៅប្រទេសសមាជិកអាស៊ានផ្សេងៗទៀត ដោយអាស៊ាននឹងត្រូវអនុវត្តស្តង់ដារួមមួយក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ដើម្បីធ្វើឲ្យអ្នកជំនាញដែលអាស៊ានទទួលស្គាល់នោះអាចបម្លាស់ទីការងារស្របតាមច្បាប់នៃប្រទេសនីមួយៗ និងស្របតាមយន្តការរួមអាស៊ានសម្រាប់ជំនាញចំនួន៣២មុខជំនាញក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។
យុវជនចំនួន ១៦រូប ដែលបញ្ចប់ការសិក្សាកម្មវិធីអាស៊ានខាងលើ នឹងត្រូវបន្តការសិក្សា និងចុះកម្មសិក្សាក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសស្វីស ក្រោមការផ្ដល់អាហារូបករណ៍របស់ Group Accord ។
សូមរំលឹកផងដែរថា ក្រសួងទេសចរណ៍បានដាក់ចុះអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ២០១៧-២០២៥ ដើម្បីសម្រេចចក្ខុវិស័យ៖
– ត្រឹមឆ្នាំ២០២០ បង្កើតការងារផ្ទាល់ចំនួនប្រមាណ១លាន់ ហើយ៥០% ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល
– ត្រឹមឆ្នាំ២០២៥ ការងារផ្ទាល់ចំនួនប្រមាណ១លាន់ ២សែននាក់ ហើយ ១០០% ត្រូវទទួលទទួលបានការបណ្តុះបណ្តាល ដើម្បីសម្រេចបានយុទ្ធនាការ“បុគ្គលិកមួយ ជំនាញមួយ” “One Employee, One Skill”
– ត្រឹមឆ្នាំ២០៣០ ការងារផ្ទាល់ចំនួនប្រមាណ១លាន ៧សែននាក់ និងសម្រេចឲ្យបាននូវគោលដៅនៃការសិក្សាពេញមួយជីវិត និងការងារសមរម្យ។
បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាបានបង្កើតការងារផ្ទាលើប្រមាណ ៦២ម៉ឺននាក់ និងមិនផ្ទាល់រាប់សិមម៉ឺននាក់ទៀត។