ឯកឧត្ដម ហ៊ុន ណេង ចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៧១៧គ្រួសារ នៅឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់


ដើម្បី រួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះធម្មជាតិ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អមដំណើរដោយឯកឧត្ដម ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៧១៧គ្រួសារ នៅឃុំក្នុងព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមសេចក្ដីរាយការណ៍ របស់ លោក ទុន ណេត អភិបាល នៃគណៈអភិបាល ស្រុកស្ទឹងត្រង់ ឲ្យដឹងថា បច្ចុប្បន្ន នៅក្នុងស្រុកស្ទឹងត្រង់ មាន ៨ឃុំ ក្នុងចំណោមឃុំ ទាំ ង ១២ ស្មើនឹង ៣៣ភូមិ លើ ៩៦ភូមិ បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលក្នុងនោះ មានប្រជាពលរដ្ឋចំនួន ៨.៤២៨គ្រួសារ ស្មើនឹង ៣៣.៧៧៨នាក់ ។ ប៉ះពាល់ផ្ទះសម្បែង ចំនួន ៦.៤៥៩ខ្នង មនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សបានជម្លៀសទៅកាន់ទីទួលសុវត្តិភាព ចំនួន ២៦១នាក់ និងសត្វពាហៈនៈចំនួន ១.៤២៤ក្បាល ផងដែរ ។ ក្រៅពីនោះ ទឹកជំនន់បានធ្វើឲ្យខូចខាតស្រូវ ចំនួន ៤២៦,៩ហ.ត ពោតចំនួន ៧២ហ.ត និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២០ហ.ត ផងដែរ ។
អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្ដម ហ៊ុន ណេង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទូក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ ហើយបានមកទទួលអំណោយ នាពេលនេះ ។ ឯកឧត្ដម មានប្រសាសន៍ថា ការមកជួបជុំជាមួយបងប្អូនពេលនេះ ដើម្បី បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋយើងផ្ទាល់ ហើយកំពុងរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គ ។ ឯកឧត្ដម ហ៊ុន ណេង គូសបញ្ជាក់ថា បងប្អូនបានជ្រាបរួចមកហើយថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងបានក្រើនរំលឹក និងដាក់នូវបទបញ្ជា ទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះឲ្យជាប់ជាមួយប្រជាជន ដើម្បី ពិនិត្យ និងចុះជួយដល់ពួកគាត់ នៅពេលដែលកំពុងជួបការលំបាក ក្នុងជីវភាព ប្រចាំថ្ងៃនោះ ។ យ៉ាងណាម៉ិញ បានជា នៅពេលនេះ ក៏ដូចជា ពេលកន្លងទៅ ឯកឧត្ដមផ្ទាល់ ក៏ដូចជា ឯកឧត្ដមអភិបាលខេត្ត រួមជាមួយនឹងថ្នាក់ដឹកនាំផ្សេងៗទៀត បានខិតខំប្រឹងប្រែង ចុះបំពេញបេសកម្ម នៅគ្រប់ទីកន្លែង ដើម្បី ស្វែងយល់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ រួមជាមួយនឹងបាននាំនូវគ្រឿងឧបភោគ បរិភោគ ដែលជាស្បៀងអាហារ ដើម្បី ជាការជួយសម្រាលបន្ទុកលំបាក ក៏ដូចជា បានរួមចំណែកដោះស្រាយទៅដល់ជីវភាពរបស់បងប្អូន ដែលកំពុងមានអាសន្ន បានមួយគ្រា ផងដែរ ។ ឯកឧត្ដម រំលឹកថា បងប្អូនយើងពិតជាបានជ្រាបហើយថា នៅរៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជួរដងទន្លេមេគង្គ តែងតែទទួលរងគ្រោះធម្មជាតិ ទឹកជំនន់ ហើយវាជារឿងធម្មតាទៅហើយ ពីព្រោះថា នៅពេលមានទឹកជំនន់ គឺបាននាំមកនូវដីល្បាប់ ដ៏មានជីវជាតិ សម្រាប់ការងារកសិកម្មបង្កបង្កើនផល ។ ទន្ទឹមជាមួយនោះ ឆ្លងតាមបទពិសោធន៍នេះ ចាប់ពីខែ៥ ឬខែ ៦ ទៅ បងប្អូនខ្លះ បានត្រៀមលក្ខណៈ រួចជាស្រេច ដូចជា ៖ ទូក កាណូត ស្មៅ ចម្បើង រោងសម្រាប់ដាក់គោ ក្របី និងត្រៀមអុស សម្រាប់ដុត ក៏ដូចជា ការត្រៀមនូវទីទួលសុវត្ថិភាព សម្រាប់មនុស្ស និងសត្វពាហៈនៈ ផងដែរ ។ ឯកឧត្ដម ហ៊ុន ណេង មានប្រសាសន៍ថា យ៉ាងណាម៉ិញទឹកជំនន់ បានបង្កការលិចលង់ភូមិករ ក៏ដូចជាផ្ទះសម្បែងរបស់បងប្អូន មកហើយដែរ ប៉ុន្តែ បើពិនិត្យស្ថានភាពទឹក គិតមកដល់ពេលនេះ នៅឯស្ថានីយ៍មេគង្គ ខេត្តកំពង់ចាម គឺបានចាប់ផ្ដើមស្រក់ចុះបន្តិចហើយ ។ ដូច្នេះ អ្វីដែលយើងត្រូវត្រៀមបង្ការ ក៏ដូចជា ការដោះស្រាយបញ្ហាចំពោះមុខ ជាបន្តទៅទៀតនោះ គឺសូមឲ្យបងប្អូន យកចិត្តទុកដាក់អំពីសុខភាព អនាម័យ និងថែរក្សាសន្តិសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រុងប្រយ័ត្ន អំពីបញ្ហាសត្វអសិរពឹស ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ ដើម្បី បញ្ជៀសការលង់ទឹក ។ ដោយឡែក នៅពេលទឹកសម្រកទៅវិញ បងប្អូន ត្រូវត្រៀមនូវពូជធារ សម្រុកលើការងារកសិកម្ម ដើម្បី ស្ដារជីវភាពក្រុមគ្រួសារ ឲ្យប្រសើរឡើងវិញ ។
សូមបញ្ជាក់ដែរថា ក្រៅពីអំណោយ របស់ ឯកឧត្ដម ហ៊ុន ណេង សមាគមសាសនា ក៏បានចូលរួមជាអង្ករ ១០តោន មី ៤០០កេសតូច ត្រីខ ២០០យួរ ទឹកស៊ីអ៊ីវ ២០០យូរ ប្រេងឆា ២០០ដប ដើម្បី ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ៧១៧គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គ.ក្រ មី ១កេសតូច ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប និងប្រេងឆា ១ដប ៕

ុំ