ប្រជាពលរដ្ឋក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម លឹម គានហោ ដែលបានជួយសាងសង់ស្ពានឆ្លងកាត់ប្រឡាយមេបេតុង


ប្រជាពលរដ្ឋក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ ដែលបានជួយសាងសង់ស្ពានឆ្លងកាត់ប្រឡាយមេបេតុង (ប្រឡាយមេស្ទឹងស្រែង) ០១ កន្លែង ប្រវែង ១២ ម និងទទឹង ៤,២ ម ។

ក្រោយពេលសាងសង់រួច ស្ពានឆ្លងកាត់ប្រឡាយមេខាងលើ ត្រូវបានប្រារព្ធពិធីឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៨ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

គួររំលឹកផងដែរថា ដោយពិនិត្យឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំភ្នំដី ដែលត្រូវធ្វើដំណើរវៀងរាប់សិបគីឡូម៉ែត្រ ដើម្បីឆ្លងកាត់ប្រឡាយមេបេតុង ០១ ខ្សែ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមនឹងក្រុមការងារ បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន សម្រាប់កសាងស្ពានឆ្លងកាត់ ០១ កន្លែង នៅចំណុចព្រំប្រទល់រវាងភូមិកំពីពួយ និងភូមិភ្នំដី ។ ការសាងសង់បានចាប់ផ្តើមកាលដើមខែមិថុនា និងបានបញ្ចប់ជាស្ថាពរនៅចុងខែកក្កដា កន្លងទៅនេះ ។