នៅវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបគណៈប្រតិភូពាណិជ្ជករចិនទាជីវសកល ដឹកនាំដោយលោក លី ស៊ុងជាន ។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់គណៈប្រតិភូ ពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលជាលទ្ធផលប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនទទួលបានអាសនៈ១២៥ លើ១២៥ នៅក្នុងរដ្ឋសភា។ សម្តេចតេជោ បានបន្ថែមថា ការទទួលបានភាពជោគជ័យនេះ ដោយសារតែមានការកែទម្រង់សព្វបែបយ៉ាង មានជាអាទិ៍ គឺកំណែទម្រង់លើវិស័យដីធ្លី ដែលរាជរដ្ឋាភិបាល បានបញ្ចប់ ដែលភាគច្រើនជាជម្លោះរវាងបុគ្គលនិងបុគ្គល មិនមែនរាជរដ្ឋាភិបាល ជាមួយប្រជាជនទេ, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុសាធារណៈ និងការយកចិត្តទុកដាក់ ទៅលើប្រជាជនជាដើម។
គណៈប្រតិភូនេះ មួយចំនួនបានមកវិនិយោគ នៅកម្ពុជារួចរាល់ហើយ ហើយមួយចំនួនទៀត កំពុងសំឡឹងមើល រកការវិនិយោគនៅកម្ពុជា ដូច្នេះគេចង់ដឹងពីសក្តានុពលរបស់កម្ពុជា ចង់ដឹងពីបរិយាកាសវិនិយោគនៅកម្ពុជា, ដូច្នេះ សម្តេចតេជោ បានប្រាប់ពីវិស័យអាទិភាព ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍប្រទេសតទៅទៀត គឺវិស័យអាទិភាពទាំង៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែលកម្ពុជា នៅតែត្រូវការរហូតដល់២០ឬ៣០ឆ្នាំ តទៅមុខទៀត ដូច្នេះអ្នកវិនិយោគ អាចស្វែងរកការវិនិយោគទាំង៤នេះ ដើម្បីវិនិយោគនៅកម្ពុជា។
សម្តេចតេជោបានស្វាគមន៍ ទៅលើការបើកសាកលវិទ្យាល័យ វិស័យផ្លូវថ្នល់ និងថាមពលអគ្គីសនី។ សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុនណាមកមុន នឹងទទួលបានសិទ្ធក្នុងការវិនិយោគមុន ដោយកម្ពុជាមិនរង់ចាំ ការវិនិយោគ ពីបណ្តាប្រទេសណាមួយនោះទេ។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍វិញ សម្តេចតេជោរំពឹងថា ភ្ញៀវទេសចរចិន នឹងកើនឡើងជាបន្តបន្ទាប់ទៀត រហូតដល់២លាននាក់ ដោយសារហេដ្ឋារចនាសម្ព័ន្ធ នៃការតភ្ជាប់ហោះហើរត្រង់ រវាងទីក្រុង និងតំបន់នានារបស់ចិន មកកាន់កម្ពុជា។
គណៈប្រតិភូចិន បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្ពុជា ហើយក៏បានកោតសរសើរ និងបង្ហាញពីទំនុកចិត្ត ដោយសារការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើឲ្យនយោបាយមានស្ថិរភាព មានច្បាប់ត្រឹមត្រូវ ជាពិសេសនោះ គឺចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ គណៈប្រតិភូក៏បានសម្តែងនូវការអបអរសាទរ ដែលសម្តេចតេជោ បានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានស្តាប់នូវអនុសាសន៍ និងបទឧទ្ទេសនាម ប្រកបដោយខ្លឹមសារ ជាបទពិសោធន៍មួយ អាចជាមេរៀន ហើយក៏បានគោរពជូនពរ និងគាំទ្រសម្តេចតេជោ មិនត្រឹមតែបន្តដឹកនាំប្រទេស១០ឆ្នាំ ដូចសម្តេចមានប្រសាសន៍នោះទេ គឺសូមឲ្យបន្តដឹកនាំប្រទេស បានយូរតទៅមុខទៀត៕