គ្រួសាររងគ្រោះដោយទឹកជំនន់ជាង៦០០គ្រួសារ ទទួលអំណោយពីឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ


តាកែវ៖ ព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបូរីជលសារ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយសប្បុរសជន បានអញ្ជើញចុះចែកអំណោយគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៦២១គ្រួសារ មកពី៥ឃុំ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។

ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយមិនថា ពេលឃោសនាបោះឆ្នោត មិនថាពេលបោះឆ្នោត មិនថាពេលបោះឆ្នោតរួចនោះទេ គឺនៅពេលប្រជាពលរដ្ឋជួបការលំបាកដូចជា ជួបគ្រោះមហន្តរាយ ហើយត្រូវការជំនួយពីរដ្ឋាភិបាល ពេលនោះតែងតែមានវត្តមានរបស់ គណបក្សប្រជាជនជានិច្ច ក្នុងការចុះមកជួយ និងយកចិត្ត ទុកដាក់អំពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺតំបន់ណាដែលមានហានិភ័យ រងគ្រោះដោយ សារទឹកជំនន់នេះ។

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តមអ៊ូច ភា ក៏បានណែនាំឲ្យមន្ត្រីអាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ នៅមូលដ្ឋានត្រូវ ត្រៀមខ្លួនជាស្រេចបង្ការ តាមដាននូវកន្លែងណាដែលមានទឹកឡើងដល់ចំណុចជួយសង្គ្រោះ ហើយត្រូវមានវិធានការណ៍ឲ្យទាន់ពេលវេលា និងកក់ក្តៅបំផុត ធ្វើយ៉ាងណាជម្លៀស ប្រជាពលរដ្ឋចេញពីផ្ទះ ទៅរកទួសសុវត្ថិភាព ហើយត្រូវរាយការណ៍មកខេត្តជាបន្ទាន់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានប្រកាសដល់បងប្អូន ប្រជាពលរដ្ឋថា នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ នឹងបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ចាប់ពីប្រឡាយ ០១ មកដល់កំផែកំពង់អំពិល ដែលមានប្រវែងជាង ១៨គីឡូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ចេញចូលប្រកបរបបររកទទួលទានផ្សេងៗ ៕