ទូតខ្មែរនៅម៉ាឡេសីុ ជួយពលករ-ពលការិនីខ្មែរ ៦នាក់ ឲ្យវិលមក មាតុភូមិវិញ


ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលករ-ពលការិនីខ្មែរ ចំនួន៦នាក់ ដែលជួប បញ្ហាលំបាកក្នុងការងារបានវិលមកមាតុភូមិវិញ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃទី១៧ កញ្ញានេះ។
បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា កម្មទាំង៦នាក់ ដែកអាចត្រឡប់មកកម្ពុជាវិញ ទី១-ពលករ វ.ស អាយុ១៨ឆ្នាំ, ទី២- ពលករ វ.ស.ណ អាយុ២៤ឆ្នាំ និង៣-ពលករ វ.គ.រ អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បានធ្វើដំណើរដោយខ្លួនឯងតាមរថយន្ត កាត់តាមប្រទេសថៃ  ទៅដល់ម៉ាឡេស៊ី ក្នុងខែកក្កដា ឆ្នាំ២០១៥ និងធ្វើការជាអ្នកចិញ្ចឹមសត្វ។ អ្នកទាំង៣ បានទទួលប្រាក់ខែគ្រប់ចំនួន ប៉ុន្តែដោយធ្វើការលំបាកពេក បានស្នើសុំស្ថានទូតជួយអោយបានត្រឡប់មកកម្ពុជាវិញ។
លោក បន្តថា ពលករទាំង៣នាក់ ខាងលើនឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536 ។
លោក ជុំ សុន្ទរីបន្តទៀតថា ទី៤-ពលការិនី ព.ន.ត អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ បានចាញ់បោកមេខ្យល់ ទៅ ធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ក្នុងខែសីហា ឆ្នាំ២០១៦។ ដោយធ្វើការលំបាកពេក នាងបានរត់ចេញពីផ្ទះ ទៅកាន់ស្ថានទូត ហើយស្នើអោយស្ថានទូតជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។ ក្រោយពីមានការទាក់ទងរបស់ស្ថានទូត ក្រុមគ្រួសាររបស់ពលការិនី បានផ្ញើលិខិតឆ្លងដែននិងសំបុត្រយន្តហោះ ដើម្បីអោយនាងអាចត្រឡប់មកកម្ពុជាវិញ។
ពលការិនី ព.ន.ត នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK 542 ។ ទី៥-ពលការិនី យ.ជ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានទៅដល់ម៉ាឡេស៊ី ក្នុង ខែសីហា ឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុនCentury ហើយធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ និងជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ។
ក្រោមកិច្ចអន្តរាគមន៍ របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់ប្រគល់ប្រាក់ខែ ដែលនៅសល់ចំនួន ១១៨៤៧ រីងហ្គីត ទូរស័ព្ទដៃ សំលៀកបំពាក់ និងសំបុត្រយន្តហោះ។ ពលការិនី យ.ជ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536 ។ និងទី៦-ពលករ ន.ហ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បានទៅដល់ ម៉ាឡេស៊ី ក្នុងខែធ្នូ ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមិនចាំឈ្មោះ ហើយធ្វើការនៅរោងចក្រ ផលិតស្រោមដៃ ។
ដោយធ្វើការលំបាកពេក គាត់បានស្នើស្ថានទូតជួយអោយបាន ត្រឡប់មកកម្ពុជាវិញ។ ក្រោយពីមានកិច្ច អន្តរាគមន៍របស់ ស្ថានទូត ថៅកែរបស់ពលករ បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងសំបុត្រយន្តហោះដល់ពលករវិញ។ ពលករ ន.ហ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះលេខ AK 543 ។
អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ ពលករ-ពលការិនីទាំង៦នាក់ ខាងលើ ផងដែរ ៕