ឯកឧត្តមសុខ ឥសានថា បក្សនយោបាយ គ្មានតួនាទី និងភារកិច្ច ដោះស្រាយអ្នកជាប់ទោស នោះទេ


ភ្នំពេញ៖ ជាថ្មីម្ដងទៀត ឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សនយោបាយគ្មានតួនាទី និងភារកិច្ច ដើម្បីដោះស្រាយអ្នកជាប់ទោសនោះទេ ។
ឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិមិនគួរអង្វរ គណបក្សប្រជាជនកម្ពុជា ឲ្យជួយដោះស្រាយបញ្ហា អ្នកជាប់ទោសនោះទេ ព្រោះបក្សនយោបាយ មិនអាចដោះស្រាយ បញ្ហានេះបានឡើយ ។
ឯកឧត្តមសុខ ឥសាន បានបញ្ជាក់ ថា”ខ្ញុំយល់ថា គាត់អង្វរហ្នឹងខុសមុខសញ្ញា គាត់ទៅអង្វរតុលាការទៅ! ព្រោះលោកសម រង្ស៊ី ត្រូវបានតុលាការកាត់សេចក្ដី ហើយចូលសាលក្រម ជាស្ថាពររួចហើយ ដូច្នេះគ្មានអ្នកណាទៅដោះស្រាយ ជាមួយតុលាការបាន វាមានតែគាត់ទៅដោះស្រាយ ជាមួយតុលាការ ឲ្យគណបក្សនយោបាយ ឲ្យគណបក្សប្រជាជន ទៅអង្វរតុលាការ អាហ្នឹងគេយើងជ្រៀតជ្រែក ចូលកិច្ចការតុលាការ ហើយតុលាការមិនអាច ឯករាជ្យទៀតហើយ” ។
ជាមួយគ្នានេះ ឯកឧត្តមសុខ ឥសាន អ្នកនាពាក្យគណបក្ស ប្រជាជនកម្ពុជា បានគូសបញ្ជាក់ ថា ករណីឯកឧត្ដមសម រង្ស៊ី ដែលកំពុងជាប់ បណ្ដឹងជាច្រើននៅតុលាការ ,បញ្ហារបស់ ឯកឧត្ដមកឹម សុខា ដែលត្រូវតុលាការប្រកាស សាលក្រមផ្តន្ទាទោសរយៈពេល ៥ខែពីបទ”បដិសេធក្នុងការចូលខ្លួន “និងករណីសកម្មជនបក្សប្រឆាំង ,មន្រ្ដីអង្គការសង្គមស៊ីវិល ,រួមទាំងសកម្មជនដីធ្លី ដែលកំពុងជាប់ ពន្ធនាគារនោះ មិនមែនជារឿងនយោបាយនោះទេ តែរឿងបុគ្គលទាំងប្រព្រឹត្ដខុសច្បាប់ ហើយត្រូវតុលាការអនុវត្ដច្បាប់ ៕