ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា គ្រោងវិនិយោគ ១,២០០លានដុល្លារ ដើម្បីសាងសង់ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងខេត្តកោះកុង


(ភ្នំពេញ)៖ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា (UNION Development Group Co., Ltd. Cambodia) គ្រោងនឹងវិនិយោគទឹកប្រាក់ ១,២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅក្នុងដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការអភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន) នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។

នៅក្នុងឱកាសនោះ លោក លី តាវ បានជម្រាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ ថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងសាងសង់លើផ្ទៃដីសរុបចំនួន ១,២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥, ខុនដូទំនើប, បឹងកាឡូ, ការិយាល័យធ្វើការ, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។

លោក លី តាវ សង្ឃឹមថាគម្រោងនេះ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុននឹងខិតខំស្វែងរកដៃគូវិនិយោគចូលរួមជាមួយគម្រោងនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី១៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច ទេសចរណ៍កម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។

ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសគាំទ្រ និងបង្ហាញជំនឿថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ព្រមទាំងលើកស្ទួយកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត នាពេលអនាគត ហើយក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងរង់ចាំជួយសម្របសម្រួលគម្រោងវិនិយោគនេះជានិច្ច។

សូមជម្រាបថា ក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគចំនួនជាង ១,៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕