តំបន់ទេសចរណ៍អន្លង់វែង នឹងត្រូវរៀបចំឡើងវិញដើម្បីបង្កើនការទាក់ទាញ


ក្រសួងទេសចរណ៍កម្ពុជានឹងធ្វើការរៀបចំតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រអន្លង់វែងឡើងវិញដើម្បីរក្សាទុកជាតំបន់ស្រាវជ្រាវ ប្រវត្តិសាស្ត្របង្កើនភាពទាក់ទាញទេសចរទៅតំបន់នោះ។ នេះបើតាមអភិបាលខេត្តឧត្តរមានជ័យ។
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តអន្លង់វែងបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត អន្លង់វែងឆ្នាំ ២០១៥ ឆមាសទី ១ ឆ្នាំ ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី ២ ឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ដែលធ្វើឡើងនៅសាលាខេត្តឧត្តរមានជ័យ។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានឲ្យ ដឹងថាការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនេះឡើងវិញគឺដើម្បីទុក ជាតំបន់សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រមួយខណៈវាបានទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរួចទៅហើយ។
លោកបន្តថា៖ «វាជាតំបន់ប្រវត្តិសាស្ត្រនៅទីនេះតាមពិតទៅគេចង់ដឹងច្រើន ដូច្នេះវានឹងបង្កើនការទាក់ទាញបន្ថែមទៀត»។ លោកបន្តថាបច្ចុប្បន្នក្នុងមួយថ្ងៃៗមានអ្នកទស្សនាតំបន់នេះរាប់រយ នាក់។
ការងារដែលអភិវឌ្ឍកន្លងមកមានដូចជាការរៀបចំគម្រោងសាងសង់ និងបោះបង្គោលព្រំទាំង ១៤ ចំណុចការបន្តប្រមូលភ័ស្តុតាងដែលនៅសេសសល់ ការចងក្រងឯកសារប្រវត្តិសាស្រ្តអន្លង់វែងការជួសជុលបន្ទប់ប្រជុំនៅ តំបន់ ក៣ (ផ្ទះតាម៉ុក ផ្ទះកណ្តាលលើខ្នងភ្នំដងរែក) ការសាងសង់បញ្ជរព័ត៌មាននៅតំបន់ ក១ (កន្លែងដុតខ្មោចប៉ុលពត) ការដាក់ស្លាកប៉ាណូផែនទីក្នុងរមណីយដ្ឋាន និងការអភិវឌ្ឍរចនាសម្ព័ន្ធនានា។ នេះបើតាមព័ត៌មានបង្ហាញនៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
សម្រាប់ទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី ២ ឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ គណៈកម្មការអន្តរក្រសួងបានដាក់ចេញនូវផែនការការងារមួយចំនួនដូចជា ការបើកការដ្ឋានសាងសង់របង និងបោះបង្គោលព្រំដី ការរៀបចំប្លង់មេលម្អិតនៅកន្លែងដុតខ្មោចប៉ុលពត កន្លែងកាត់ទោស ប៉ុលពត ផ្ទះតាម៉ុក ផ្ទះកណ្តាលលើខ្នងភ្នំដងរែក សារមន្ទីរតាម៉ុក និងការដាក់ឲ្យដំណើរការបណ្ណាល័យ និងកន្លែងផ្តល់ព័ត៌មានអំពីតំបន់ប្រវត្តិសាស្រ្ត។
ក្រសួងក៏នឹងរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្គោល និងមគ្គុទ្ទេសក៍ទេសចរណ៍អន្លង់វែង និងការរៀបចំខ្សែទស្សនកិច្ច បេតិកភណ្ឌប្រវត្តិសាស្រ្ត ភ្ជាប់តំបន់អន្លង់វែងជាមួយតំបន់ទេសចរណ៍បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រពិភពលោកសៀមរាបអង្គរ ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូ (បេតិកភណ្ឌវប្បធម៌ពិភពលោកនៅឡាវ) ផងដែរ៕

x1