ទស្សនកិច្ចតេជោសែន និងការជួយសាលានៅខេត្តភាគឦសាន


HS 19 09 6 2 copy

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅខេត្តរតនគីរី នៅថ្ងៃទី១៦ ខែកញ្ញានេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចតាមរថយន្ត ដើម្បីពិនិត្យជីវភាពជាក់ស្តែងប្រជាពលរដ្ឋ និងការជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅទូទាំងរាជធានី ខេត្តទាំង២៥ ។ សម្តេចតេជោបានបន្តដំណើរមកខេត្តស្ទឹងត្រែង ទៀត ក្រោយបញ្ចប់ទស្សនកិច្ចខេត្តរតនគីរី។

     នៅក្នុងខេត្តរតនគីរីនោះ ដំណើរអញ្ជើញទៅដល់ទីរួមខេត្ត គឺនៅវេលាព្រលប់ថ្ងៃទី១៥ ខែកញ្ញា ប៉ុន្តែ មុនការអញ្ជើញដល់ សម្តេចតេជោ ហ៊ុន សែន បានឈាងចូលជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមផ្លូវខ្លះ និងជួបសិស្ស និងបុគ្គលិកសិក្សាតាមកន្លែងមួយចំនួន។ សម្តេចបានអញ្ជើញជួបសាកសួរសុខទុក្ខពលរដ្ឋក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា និងបានផ្តល់ថវិកាមួយចំនួនដល់គ្រូសារក្នុងភូមិនេះទៀត។

     នៅក្នុងភូមិដេអេ ដដែលនោះ សម្តេចបានអញ្ជើញចូលពិនិត្យសមិទ្ធផលវត្តដេអេ និងបានសម្រេចជាមួយនឹងសប្បុរសជនជួយកសាងព្រះវិហារថ្មី ក្នុងអារាមនៅទីនោះ និងបានប្រគេនបច្ច័យចំនួន ៥លានរៀល សម្រាប់ចូលរដូវវស្សាផងដែរ។ សម្តេចបានពិនិត្យសាលាបឋមសិក្សាដេអេ និងបានសន្យាផ្តល់អគារសិក្សាថ្មី ១ខ្នង ស្មើនឹង៦បន្ទប់ និងផ្តល់ថវិកាមួយចំនួន ដល់ក្រុមកីឡាករសាលានេះ។ ក្នុងដំណើរឆ្ពោះមកកាន់ខេត្តរតនគីរី សម្តេចបានពិនិត្យស្ថានភាពសាលាមួយចំនួន និងបានសន្យាជួយផ្តល់អគារសិក្សាផងដែរ។

     នៅវិទ្យាល័យហ៊ុនសែន កោះញែក សម្តេចបានផ្តល់អគារសិក្សាថ្មី ១ខ្នង កំពស់ ២ជាន់ ស្មើនឹង ១២បន្ទប់… អគារសម្រាប់គ្រូនិងសិស្សស្នាក់នៅ ២ខ្នង ដោយមួយខ្នងមានកំពស់ ២ជាន់ ស្មើនឹង ១០បន្ទប់… កសាងអគារទីចាត់ការថ្មី ១ខ្នង មាន ៣បន្ទប់ និងរៀបចំតារាងបាល់ទាត់ បាល់ទះ និងចាក់ផ្លូវបេតុងចូលសាលា។ នៅសាលាបឋមសិក្សាហ៊ុនសែន កោះញែក និងមតេយ្យហ៊ុនសែន កោះញែក សម្តេចបានជួយកសាងអាគារសិក្សា ១ខ្នងកំពស់ ២ជាន់ មាន ១២បន្ទប់… ទីចាត់ការ ១ខ្នង មាន ៣បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលា និងធ្វើរបងព័ទ្ធជុំវិញ។ នៅអនុវិទ្យាល័យលំផាត់ សម្តេចបានសម្រេចជួយកសាងអោយក្លាយជាវិទ្យាល័យ ដោយត្រូវកសាងអគារសិក្សាថ្មី ១ខ្នង កំពស់ ២ជាន់ មាន ១២បន្ទប់… ទីចាត់ការ ១ខ្នង មាន ៣បន្ទប់ ធ្វើរបង ក្លោងទ្វារ និងចាក់ផ្លូវបេតុងចូលសាលា ។ នៅសាលាបឋមសិក្សាសហការ សម្តេចបានផ្តល់អគារសិក្សា ១ខ្នង មាន ៦បន្ទប់ ចំណែកអគារសិក្សាចាស់ត្រូវកែលំអឡើងវិញ និងចាក់ផ្លូវបេតុងចូលសាលា។ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងក្រុងបានលុង សម្តេចបានសន្យាផ្តល់អគារសិក្សា ១ខ្នង កំពស់ ៣ជាន់ មាន ១៨បន្ទប់ និងជួសជុលអគារចាស់ៗឡើងវិញនៅទីនោះ។

     សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា សម្តេចបានបន្តដំណើរមកខេត្តស្ទឹងត្រែង នៅថ្ងៃដដែលនេះ និងបានទស្សនកិច្ចតាមដងផ្លូវ ផ្តល់ការសាងសង់សាលាមួយចំនួនថែមទៀតក្នុងខេត្តរតនគីរី និងក្នុងខេត្តស្ទឹង ត្រែងផងដែរ។ សម្តេចនៅក្នុងទំព័រហ្វេសប៊ុក បានសរសេរការរំពឹងទុកថា សម្តេចនឹងមិនឱ្យកូនខ្មែរអត់សាលារៀនឡើយ និងនៅ ២០ឆ្នាំខាងមុខនេះ កម្ពុជានឹងសំបូរធនធានមនុស្ស ប្រកបដោយសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខ។

HS 19 09 6 3 copy  HS 19 09 6 4 copy

HS 19 09 6 5 copy  HS 19 09 6 6 copy

HS 19 09 6 7 copy  HS 19 09 6 8 copy