នាយទាហាន នាយទាហានរង ៦០ នាក់ នៅកងវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ទទួលបានវគ្គហ្វឹកហ្វឺន បំប៉នការពារព្រំដែន


នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការពារព្រំដែន ដែលរៀបចំដោយប្រតិបត្តិការសឹករងខេត្តរតនគិរី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរៈសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី សម្រាប់ជាពុទ្ធិ និងយុទ្ធវិធីនៅក្នុងកិច្ចការពារបូរណភាពដែនដី អធិបតីភាពជាតិ ។

ឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី មានប្រសាសន៍សំណេះសំណាលជាមួយសិក្ខាកាមជានាយទាហាន បានជំរុញឲ្យនាយទហានទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហ្វឺននូវសិល៍វិធី យុទ្ធសាស្ត្រ នៃកងយោធពលខេមរភូមិន្ទ និងគោរពឲ្យបាននូវវិន័យ សណ្តាប់ ក្នុងនាមជាកងកម្លាំង ជាបង្អែកនៃប្រទេសជាតិ ។

ឯកឧត្តមបន្តថា បើទោះបីជាប្រទេសយើងទទួលបាននូវសន្តិភាពអស់រយៈពេលជាង៣០ ឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជានាយឧត្តមសេនីយ៍ផ្កាយមាសប្រាំផុតលេខ បានខិតធ្វើទំនើបកម្មកងកម្លាំងយោធា ស្របទៅតាមការវិវត្តន៍នៃប្រទេស និងសកលលោក ។ ក្នុងនាមជាកងកម្លាំងការពារជាតិ ត្រូវមានស្មារតីមុះមុត លះបង់ និងមានតួនាទីគោរពនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពារនូវជាតិ សាសនា ព្រះមហាក្រត្ស និងរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។